ក្ន្ងងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ សម្តេចតេជោ បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ការពារកុំឲ្យឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកទី១ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល បើទោះបីជាឆ្នាំនេះ មិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសផ្លូវការ សម្តេចតេជោ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។

សម្តេចតេជោ បានបន្តទៀតថា «ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល»។

ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាស បានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេសនេះផងដែរ៕ ដោយ៖ កន ចំណាន