លោកជំទាវ សុខ ចន្ធីរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបាយដាំរាំ បានដឹកនាំសហការី នាំយកអំណោយមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ក្នុងឃុំបាយដាំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ សុខ ចន្ធីរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបាយដាំរាំ បានដឹកនាំសហការី នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបាណន់ មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ក្នុងឃុំបាយដាំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាណន់ និងឃុំបាយដាំរាំ លោកជំទាវ សុខ ចន្ធីរ៉ា បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ចំពោះសុខទុក្ខបងប្អូននៅក្នុងគ្រារងគ្រោះនេះ។

លោកជំទាវក៏បានមានប្រសាសន៍អំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តប្រកាន់ខ្ជាប់អនាម័យក្នុងការរស់នៅ ជាពិសេសនៅពេលទឹកបានស្រកចុះទៅវិញនេះ និងត្រូវចាប់ផ្ដើមការងារបង្កបង្កើនផលឡើងវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសារ និងកុំភ្លេចបន្តប្រកាន់គោលការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍។
ពិធីផ្ដល់អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាបាយដាំរាំ។ ប្រជាពលរដ្ឋរងគ្រោះដែលទទួលអំណោយ មានសរុបចំនួន ២៨៣គ្រួសារ អញ្ចើញមកពីភូមិស្ដៅ, ភូមិតាស៊ង, ភូមិបាយដាំរាំ និងភូមិក្រឡាពាស ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី ស្ករ ត្រីខ មី ព្រមទាំងថវិកាមួយចំនួនទៀត៕