ឯកឧត្តម ម៉ែន វិបុល ប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងទាំងបី ដើម្បីប្រើប្រាស់សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ

(ស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ១២កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគរួមមាន កៅស៊ូតង់ សំបកបាវ មី ទឹកស៊ីអ៊ីវ និងអង្ករ ជូនដល់កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុក ដើម្បីប្រើប្រាស់សម្រាប់ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងជួយឧបត្ថម្ភប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណដល់កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុកទាំងអស់ ដែលនាពេលកន្លងមក បានសហការ និងចូលរួមចំណែកយ៉ាងសស្រាក់ស្រាំជាមួយរដ្ឋបាលខេត្ត ក្នុងកិច្ចការបង្ការទប់ស្កាត់នូវផលប៉ះពាល់នានាដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង តាមរយៈការចូលរួមជួយលើកទំនប់ទប់ទឹកហូរកាត់ផ្លូវ និងអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងឧបត្ថម្ភគាំទ្រផ្សេងៗដល់ការរស់នៅជាដើម ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុក ត្រូវតែបន្តត្រៀមលក្ខណៈជានិច្ចក្នុងការជួយអន្តរាគមន៍ដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាកើតឡើងនៅមូលដ្ឋាន ជាពិសេសករណីគ្រោះថ្នាក់សង្គម គ្រោះធម្មជាតិនានា តួយ៉ាង ជំនន់ទឹកភ្លៀង ដែលបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជារបស់យើងនឹងនៅតែបន្តទទួលរងនូវឥទ្ធិពលព្យុះមួយចំនួនទៀតនាពេលខាងមុខ ហើយជាមួយនេះ រដ្ឋបាលក្រុង ស្រុក ក៏ត្រូវយកចិត្តទុកដាក់សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះធ្វើការវាយតម្លៃអំពីផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ដូចជាការបង្កបង្កើនផល ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីដាក់ចេញនូវវិធានការ និងផែនការ ជួសជុល និងស្ដារឡើងវិញនៅពេលទឹកស្រកចុះទៅវិញ ។

សូមបញ្ជាក់ថា សម្ភារ និងគ្រឿងឧបភោគបរិភោគដែលបានផ្ដល់ជូននាឱកាសនេះ រួមមាន សម្រាប់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុង ១អង្គភាព ទទួលបាន អង្ករ ១០បាវ មី ៥កេស កៅស៊ូតង់ ១០ សាប៊ូ ១កេស ទឹកស៊ីអ៊ីវ ៤កេស និងអំបិល ១០កញ្ចប់ និងក្រុង ស្រុក ទាំង៨ ក្នុង ១ក្រុង ស្រុក ទទួលបាន អង្ករ ១០បាវ មី ៤កេស កៅស៊ូតង់ ៥ សាប៊ូ ១កេស ទឹកស៊ីអ៊ីវ ៤កេស និង អំបិល ១០កញ្ចប់ និងសំបកបាវ ដែលក្រុងស្វាយរៀង ទទួលបាន ចំនួន ១.៩០០សំបកបាវ ស្រុកស្វាយជ្រំ ស្រុករមាសហែក និងស្រុកចន្ទ្រា ក្នុង ១ស្រុក ទទួលបាន ចំនួន ៥០០សំបកបាវ និងក្រុងបាវិត ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុករំដួល ក្នុង ១ក្រុង ស្រុក ទទួលបាន ចំនួន ៤០០សំបកបាវ៕

ដោយ៖មន្ទីរព័ត៍មានខេត្តស្វាយរៀង
សម្រួលផ្សាយ៖ កន ចំណាន