ការប៉ះទង្គិចគ្នានៅតែបន្តកើតមាននៅតំបន់ណាហ្គោណូ – ការ៉ាបាក់

AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលព័ត៌មានបង្រួបបង្រួមរបស់រដ្ឋាភិបាលអារមេនីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចគ្នានៅតែបន្តកើតមាននៅតំបន់ណាហ្គោណូ-ការ៉ាបាក់ រវាងកងទ័ពការពារជាតិនៃសាធារណរដ្ឋ ណាហ្គោណូ-ការ៉ាបាក់ ដែលមិនមានការទទួលស្គាល់ ជាមួយនឹងកងកម្លាំងអារមេនី។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ការប៉ះទង្គិចនៅក្នុងមូលដ្ឋាននៅតែបន្តកើតមាននៅតាមបណ្តោយជួរបន្ទាត់ខ្សែទំនាក់ទំនង។ កងទ័ពការពារជាតិ Artsakh នៅតែបន្តបំពេញភារកិច្ចប្រយុទ្ធដើម្បីរក្សាការគ្រប់គ្រងស្ថានការណ៍»។

យោងតាមមជ្ឈមណ្ឌលព័ត៌មាននេះបានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធអាស៊ែបៃហ្សង់បានប្រើប្រាស់យានអវកាសគ្មានមនុស្សបើកកាលពីយប់ថ្ងៃច័ន្ទ ដោយយានខ្លះត្រូវបានបាញ់ធ្លាក់ដោយកងកម្លាំងការពារដែនអាកាសរបស់កងទ័ពការពារជាតិ Artsakh។ សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា «សត្រូវនៅតែបន្តបាញ់ផ្លោងទៅលើតំបន់ដែលមានប្រជាជនរស់នៅ រាប់បញ្ចូលទាំងទីប្រជុំជន Martuni និង Martakert ក៏ដូចជាការតាំងទីលំនៅនៅក្នុងស្រុក Askeran ផងដែរ»។

កាលពីថ្ងៃទី ២៥ ខែតុលា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអារមេនី និងអាស៊ែបៃហ្សង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់មនុស្សធម៌ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅតំបន់ណាហ្គោណូ-ការ៉ាបាក់ ដែលចូលជាធរមានកាលពីថ្ងៃទី ២៦ ខែតុលា។

កាលពីព្រឹកថ្ងៃច័ន្ទ ក្រសួងការពារជាតិអារមេនីបានចោទប្រកាន់ទីក្រុងបាគូពីបទរំលោភទៅលើបទឈប់បាញ់គ្នា ដោយបាននិយាយថា អាស៊ែបៃហ្សង់បានបាញ់គ្រាប់ផ្លោងទៅលើទីតាំងរបស់កងទ័ពការពារណាហ្គោណូ-ការ៉ាបាក់នៅតាមតំបន់ភាគឥសាននៃខ្សែបន្ទាត់ទំនាក់ទំនង។ ក្រសួងការពារជាតិអាស៊ែបៃហ្សង់បាននិយាយថា ទីក្រុងបាគូបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់គ្នានេះ ហើយបានចោទប្រកាន់អារមេនីពីបទរំលោភកិច្ចព្រមព្រៀងនេះ។

ការប៉ះទង្គិចគ្នាជាថ្មីរវាងអាស៊ែបៃហ្សង់ និងអារមេនីបានផ្ទុះឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ដែលមានជម្លោះណាហ្គាណូ – ការ៉ាបាក់។ ភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់គ្នាចំនួនពីរលើកមកហើយ ប៉ុន្តែជម្លោះនៅតែបន្តកើតមាន៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)