មនុស្ស ៧នាក់ស្លាប់ និង ៧០នាក់រងរបួសនៅក្នុងការផ្ទុះដ៏ធំមួយនៅក្នុងសាលាឥស្លាមក្នុងក្រុង Peshawar ប្រទេសប៉ាគីស្ថាន

AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ — ចំពេលដែលកំពុងមានវិបត្តិនយោបាយខ្លាំងក្លានៅក្នុងប្រទេសប៉ាគីស្ថាន ឧប្បត្តិហេតុផ្ទុះចំនួន ៤ បានកើតឡើងនៅក្នុងទីក្រុងផ្សេងៗគ្នានៅទូទាំងប្រទេសនេះក្នុងរយៈពេលមួយសប្តាហ៍។ កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះមួយនៅទីក្រុង Quetta ខេត្ត Balochistan ដែលជាកន្លែងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៃសម្ព័ន្ធមិត្តទាំង ១១ របស់គណបក្សប្រឆាំង។

មន្រ្តីប៉ូលីស និងក្រុមជួយសង្រ្គោះបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់ដែលភាគច្រើនមានអាយុចន្លោះពី ៩ឆ្នាំ ទៅ ២០ឆ្នាំបានស្លាប់ និង ៧០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះមួយនៅឯសាលារៀនមូស្លីមមួយនៅសង្កាត់ Dir Colony ក្នុងខេត្ត Khyber Pakhtunkhwa នៃប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃអង្គារនេះ។

យោងតាមសារព័ត៌មាន ARY បានឱ្យដឹងថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Lady Reading ។ មនុស្សចំនួន ៣នាក់ត្រូវបានរាយការណ៍ថាកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សារព័ត៌មាន ARY បានរាយការណ៍ថា នៅមុននេះ មានការផ្ទុះចំនួន ២លើកបានកើតឡើងនៅទីក្រុងការ៉ាជីកាលពីថ្ងៃទី ២០ ខែតុលា និងថ្ងៃទី ២១ ខែតុលា ដោយបានសម្លាប់មនុស្ស ៣នាក់ និងរងរបួសជាច្រើននាក់។ កាលពីថ្ងៃអាទិត្យ មានមនុស្សចំនួន ៤នាក់បានស្លាប់ និងអ្នកផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកមួយនៅទីក្រុង Quetta ជិតប៉ុស្តិ៍ប៉ូលិស Shalkot ។

ការផ្ទុះនេះកើតឡើងចំពេលដែលកំពុងមានភាពវឹកវរនយោបាយនៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលមនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាប្រឆាំងនឹងនាយករដ្ឋមន្រ្តី លោក Imran Khan ដែលពួកគេចោទប្រកាន់ថា ត្រូវបានតំឡើងដោយយោធានៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ។ ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យលោកចុះចេញពីតំណែង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)