បេឡារុស្សចាប់ផ្តើមប្រឈមមុខនឹងការគំរាមកំហែងភេរវកម្ម

AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ – កាលពីថ្ងៃអង្គារ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយស្របពេលដែលកងកម្លាំងក្រុមប្រឆាំងប៉ុនប៉ងធ្វើកូដកម្មទូទាំងប្រទេសថា ប្រទេសបេឡារុស្សចាប់ផ្តើមប្រឈមមុខនឹងការគំរាមកំហែងភេរវកម្ម។

លោក Lukashenko បាននិយាយនៅក្នុងកិច្ចប្រជុំមួយដោយផ្តោតសំខាន់ទៅលើការរៀបចំសម្រាប់សភាប្រជាជនបេឡារុស្ស ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Belta ថា «ពួកគេបានមកដល់ផ្លូវដែករួចហើយ និងចាប់ផ្តើមរារាំងប្រព័ន្ធស្វ័យប្រវត្តិ និងចាក់សោរផ្លូវដែក តើយើងអាចវាយតម្លៃវាយ៉ាងដូចម្តេច? នេះអាចបណ្តាលឱ្យមានឧប្បត្តិហេតុធ្ងន់ធ្ងរនៅលើផ្លូវដែក គ្រោះមហន្តរាយ និងការស្លាប់ជាច្រើន។ ទាំងនេះ គឺជាសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនដែលបានរៀបចំដោយមានសញ្ញានៃអំពើភេរវកម្ម។ យើងចាប់ផ្តើមការប្រយុទ្ធប្រឆាំងនឹងភេរវកម្មហើយ»។

ការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងប្រទេសបេឡារុស្សចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែសីហា។ យោងតាមអាជ្ញាធរបានឱ្យដឹងថា ប្រធានាធិបតី លោក Alexander Lukashenko ទទួលបានសម្លេងឆ្នោតគាំទ្រ ៨០,១ភាគរយ ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រឆាំងបានអះអាងថា លោកស្រី Svetlana Tikhanovskaya ជាអ្នកឈ្នះសម្រាប់ការបោះឆ្នោតនេះ មិនមែនលោក Lukashenko ទេ ហើយបានចោទប្រកាន់ប្រធានាធិបតីរូបនេះថាបានលួចបន្លំសន្លឹកឆ្នោតផងដែរ។

លោកស្រី Tikhanovskaya បានប្រកាស «ឱសានវាទប្រជាជន» សម្រាប់អាជ្ញាធរទាំងអស់ ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនទាំងអស់របស់ប្រទេសនេះនឹងធ្វើកូដកម្ម ប្រសិនបើការទាមទាររបស់ក្រុមប្រឆាំងមិនត្រូវបានឆ្លើយតបនៅត្រឹមថ្ងៃទី ២៥ ខែតុលា៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)