ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យមានការស៊ើបអង្កេតអំពើពុករលួយនៅក្នុងទីភ្នាក់ងាររបស់រដ្ឋ

AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២៧ ខែតុលា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា លោកបានបញ្ជាឱ្យក្រសួងយុត្តិធម៌របស់ប្រទេសបើកការស៊ើបអង្កេតបោសសំអាតអំពើពុករលួយនៅទូទាំងទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់។

លោកបានចេញអនុស្សរណៈមួយដោយបញ្ជាឱ្យនាយកដ្ឋានពិនិត្យមើលភាពមិនស្របច្បាប់នៅតាមទីភ្នាក់ងាររដ្ឋនានារហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់លោកនៅក្នុងឆ្នាំ ២០២២។ វាអាចឱ្យស្ថាប័ននេះសម្រេចចិត្តថាតើការចោទប្រកាន់អ្វីដែលត្រូវស៊ើបអង្កេត និងធ្វើការជាមួយទីភ្នាក់ងារផ្សេងៗទៀត។

នៅក្នុងសុន្ទរកថាមួយដែលផ្សាយតាមទូរទស្សន៍ លោកបាននិយាយថា ប្រទេសនៅតែបន្តញាំញីដោយអំពើពុករលួយដោយមិនមានភាពចុះខ្សោយសោះ ផ្ទុយទៅវិញវាតែកាន់តែមានភាពខ្លាំងទៅៗ។

លោកបានប្តេជ្ញាផ្តោតការយកចិត្តទុកដាក់នៅក្នុងរយៈពេលដែលនៅសល់របស់លោកសម្រាប់តំណែងនេះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

លោក ឌូទើតេ មិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតឡើងវិញទេ ប៉ុន្តែការបំពេញការសន្យាយុទ្ធនាការរបស់លោកស្តីពីអំពើពុករលួយអាចជួយឱ្យមានឱកាសសម្រាប់អ្នកស្នងតំណែងដែលលោកបានជ្រើសរើសរួចនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)