ប្រទេសអាស៊ានចំនួន ៤ ចុះកិច្ចព្រមព្រៀងក្នុងការធ្វើពាណិជ្ជកម្មថាមពលឆ្លងព្រំដែន

AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ — រដ្ឋមន្រ្តីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី លោកTan See Leng បាននិយាយកាលពីថ្ងៃទី ២៦ ខែតុលាថា ប្រទេសសឹង្ហបុរីគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសឡាវ ថៃ និងម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំអាស៊ាននៅខែក្រោយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មថាមពលឆ្លងព្រំដែន។

លោក Tan បាននិយាយនៅក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលថាមពលសឹង្ហបុរីដែលជាផ្នែកមួយនៃសប្តាហ៍ថាមពលអន្តរជាតិសឹង្ហបុរី (SIEW) ឆ្នាំ ២០២០ ថា អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់គម្រោងសមាហរណកម្មថាមពលឡាវ – ថៃ – ម៉ាឡេស៊ី – សឹង្ហបុរី (LTMS-PIP) ត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំអាស៊ាន ស្តីពីថាមពលអាស៊ានលើកទី ៣៨ ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសវៀតណាមនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។

យោងតាមរបាយការណ៍ខែមួយក្នុងខែកញ្ញា ឆ្នាំ ២០១៩ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា LTMS-PIP បច្ចុប្បន្ននេះពាក់ព័ន្ធនឹងការលក់ថាមពលអគ្គិសនីពីប្រទេសឡាវទៅប្រទេសម៉ាឡេស៊ី ដោយប្រទេសថៃដើរតួជាប្រទេសឆ្លងកាត់។

IEA បាននិយាយនៅក្នុងរបាយការណ៍នោះថា ការបង្កើតការធ្វើពាណិជ្ជកម្មថាមពលពហុភាគីនឹងអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាស៊ានទាញយកប្រយោជន៍ពីសក្តានុពលនៃប្រព័ន្ធថាមពលអាស៊ានដែលរួមបញ្ចូលទាំងការកាត់បន្ថយការចំណាយ និងការបង្កើនសមត្ថភាពក្នុងការបញ្ចូលធនធានថាមពលកកើតឡើងវិញ។

លោក Tan បានដកស្រង់ពីរបាយការណ៍ស្តីពីចក្ខុវិស័យថាមពលអាស៊ានដែលនឹងត្រូវចេញផ្សាយនៅខែក្រោយនេះដែលបាននិយាយថា មជ្ឈមណ្ឌលថាមពលអាស៊ានបានព្យាករថា តម្រូវការថាមពលក្នុងតំបន់នឹងមានការកើនឡើងជាង ៧០ភាគរយនៅចន្លោះឆ្នាំ ២០២០ និងឆ្នាំ ២០៤០ ។

លោកបាននិយាយថា ដើម្បីធានាបាននូវថាមពលនាពេលអនាគតប្រកបដោយនិរន្តរភាព ប្រទេសជាសមាជិកទាំង ១០ បានព្រមព្រៀងគ្នាកាត់បន្ថយអាំងតង់ស៊ីតេថាមពល និងបង្កើនផលប័ត្រដែលអាចកកើតឡើងវិញនៅក្នុងការបញ្ចូលថាមពលរបស់ពួកគេ។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយបន្ថែមថា នៅក្នុងអាស៊ានក៏មានការពិភាក្សាយ៉ាងទូលំទូលាយផងដែរដើម្បីជំរុញការប្រើប្រាស់ឧស្ម័នធម្មជាតិតាមរយៈទីផ្សារដែលមានការសម្របសម្រួល និងផ្សារភ្ជាប់ក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)