ឥណ្ឌូណេស៊ីផ្តល់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដើម្បីស្តារឧស្សាហកម្មអាកាសចរណ៍ឡើងវិញ

AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ — ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូនេស៊ីបានយល់ព្រមផ្តល់ដល់ឧស្សាហកម្មអាកាសចរណ៍នូវកញ្ចប់ថវិកាសកម្មភាពជំរុញដែលមានតម្លៃ ២១៦,៥ប៊ីលានរូពៀ (១៤,៧៥លានដុល្លារអាមេរិក) ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម និងជំរុញតម្រូវការក្នុងពេលដែលកំពុងមានការរាតត្បាតនៃជំងឺកូវីដ-១៩ ។

អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៃក្រសួងនេះ លោក Novie Riyanto បាននិយាយថា កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនេះរួមមានការលើកលែងថ្លៃសេវាកម្មចំនួន ១៧៥,៧ប៊ីលានរូពៀនៅតាមអាកាសយានដ្ឋានចំនួន ១៣ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាការឧបត្ថម្ភធនចំនួន ៤០,៨ប៊ីលានរូពៀ សម្រាប់ថ្លៃសេវាវាស់វែងសមត្ថភាពហោះហើរ។

ក្រសួងនេះបានបញ្ជាក់ថាការលើកលែងនេះនឹងមានសម្រាប់ជើងហោះហើរដែលបានកក់ទុកនៅចន្លោះថ្ងៃទី ២៣ និងថ្ងៃទី ៣១ ខែតុលា ជាមួយនឹងការចេញដំណើរមុនពេលពាក់កណ្តាលអធ្រាត្រថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១

ការឧបត្ថម្ភធនសម្រាប់ជើងហោះហើរនេះជួយសម្រួលបន្ទុកចំណាយសម្រាប់ប្រតិបត្តិករអាកាសយានដ្ឋាន រួមទាំងប្រតិបត្តិករអាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋ គឺអាកាសយានដ្ឋាន Angkasa Pura (AP) Iនិងអាកាសយានដ្ឋាន AP II ។

លោក Novie បានសម្តែងក្តីសង្ឃឹមថា ការជំរុញនេះនឹងជួយកាត់បន្ថយបន្ទុកសម្រាប់អ្នកដែលធ្វើដំណើរដោយប្រើការដឹកជញ្ជូនតាមផ្លូវអាកាស និងគ្រប់គ្រងឧស្សាហកម្មអាកាសចរណ៍ ដែលអាចឈានដល់វិស័យទេសចរណ៍ និងឧស្សាហកម្មដទៃទៀត។

ទិន្នន័យស្ថិតិឥណ្ឌូណេស៊ីបានបង្ហាញថា ចំនួនអ្នកដំណើរតាមយន្តហោះក្នុងស្រុកចន្លោះពីខែមករាដល់ខែសីហាមានការធ្លាក់ចុះ ៥៦,៩៩ភាគរយ ដោយមានត្រឹមចំនួន ២១,៦លាននាក់។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបរទេសក្នុងកំឡុងពេលដូចគ្នានេះមានការធ្លាក់ចុះ ៧១,៥១ភាគរយ ដោយមានចំនួនត្រឹម ៣,៥លាននាក់។

កាលពីដើមឆ្នាំនេះ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានប៉ាន់ប្រមាណថា ឧស្សាហកម្មអាកាសចរណ៍របស់ឥណ្ឌូណេស៊ីនឹងទទួលរងការធ្លាក់ចុះអ្នកដំណើរ ៤៩ភាគរយ និងប្រាក់ចំណូលធ្លាក់ចុះ ៨,២ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះបើធៀបទៅនឹងឆ្នាំមុន ដោយសារឥទ្ធិពលនៃវិបត្តិសុខភាពពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)