មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឱ្យ​មន្ត្រី​នៃ​អាជ្ញាធរ​មីន​ត្រូវ​បន្ត​អនុវត្តន៍​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ដើម្បី​ឈានឆ្ពោះ​ទៅរក​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥

AKP សៀមរាប ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០–
​ថ្លែង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ក្នុង​ក្របខ័ណ្ឌ​អាជ្ញាធរ​មីន នៅ​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃ​១១​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០២០​នេះ ការងារ​បោសសម្អាត​មីន មាន​ជួប​បញ្ហា​ច្រើនជាង​ឆ្នាំមុន​ដូចជា ពាក់ព័ន្ធ​បញ្ហា​កូ​វីដ​-១៩ និង​ជំនន់​ទឹកភ្លៀង ដែល​ធ្វើឱ្យ​មន្ត្រី​អនុវត្តន៍​បោសសម្អាត​មាន​ពិបាក​ក្នុងការ​ធ្វើការ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ឯកឧត្តម​បាន​ជំ​រុញឱ្យ​មន្ត្រី​នៃ​អាជ្ញាធរ​មីន ត្រូវ​បន្ត​អនុវត្តន៍​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ដើម្បី​ឈានឆ្ពោះ​ទៅរក​កម្ពុជា មួយ​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តថា បើ​យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥ កម្ពុជា​បាន​តាំងចិត្ត នឹង​ធ្វើការ​បោសសម្អាត​មីន​ឱ្យអស់​ទាំងស្រុង ពី​ដែនដី​នៃ​ផ្ទៃ​ប្រទេស​ទាំងមូល​នៅ​ដំណាច់ឆ្នាំ​២០២៥​។ នៅក្នុង​កាលៈទេសៈ​ណាមួយ​សមស្រប​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​នឹងធ្វើ​ការប្រកាស​ជា​សាធារណៈ​ចំនួន​ភូមី​ប្រមាណ​ជាង ១.៤០០​ភូមិ ជា​ភូមិ​គ្មាន​ការ​គម្រាមកំហែង​ដោយសារ​មីន​។ ក្នុងន័យនេះ អាជ្ញាធរ​មីន ដែលជា​សេនាធិការ​ឱ្យ​រាជ រដ្ឋាភិបាល លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា នៅមាន​បេសកកម្ម​ចម្បងៗ​ច្រើន​ថែមទៀត​ដែល​ត្រូវ​បន្ត និង​ទាមទា​ឱ្យ​មន្ត្រី​-​បុគ្គលិក​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់​បំពេញការងារ​ដោយ​ឆន្ទៈ ក្នុងការ​សម្រេច​លទ្ធផល​តាម​ផែនការ​គ្រោងទុក តាម​ការតម្រង់ទិស​ពី​ថ្នាក់ដឹកនាំ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៧៩​ដល់​ខែតុលា ឆ្នាំ​២០១៩ កម្ពុ​ជាមាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សរុប​ចំនួន ៦៤.៨៤៩​នាក់ (​បើ​គិត​ជា​មធ្យមភាគ អត្រា​ជនរងគ្រោះ​មាន​ប្រមាណ ១.៥៨២​នាក់ ក្នុង​១​ឆ្នាំ​)​។ ដោយឡែក​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន​តែ​៥៥​នាក់ (​ដោយសារ​មីន​ប្រឆាំង​មនុស្ស​១៤​នាក់ ដោយសារ​មីនតោន​៩​នាក់ និង​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៣២​នាក់​)​។ តួលេខ​នេះ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ បើ​យើង​ប្រៀបធៀប​ជាមួយ​អត្រា​ជនរងគ្រោះ​ជាធ​ម្យ​ម​ភាគ​ប្រចាំឆ្នាំ ឃើញ​មានការ​ថយចុះ​ដល់​ទៅ ៩៦,៥​ភាគរយ ៕​ដោយ​៖​ឃុ​ត សៅ សម្រួលផ្សាយដោយ៖ ធូ កុសល