ក្រសួងអប់រំនឹងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈដំណាក់កាលទី៣ចាប់ពីខែវិច្ឆិកាឆ្នាំនេះ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ឡើងវិញ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា ការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងដំណាក់កាលទី៣នេះ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថា ការបើកដំណើរការសិក្សាក្នុងដំណាក់កាលទី២ គ្រឹះស្ថានសិក្សាបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរ តាមការណែនាំ និងធានាបាននូវការសិក្សារបស់សិស្សប្រកបដោយសុខសុវត្ថិភាព ជាពិសេសអនុវត្តបានខ្ជាប់ខ្ជួន តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)។
ឯកឧត្តមបានបន្ដថា ក្នុងស្មារតីបន្តការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងធានាបាន នូវនិរន្តរភាពនៃការសិក្សារបស់សិស្សានុសិស្ស ក្រសួងសូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ដូចក្នុងដំណាក់កាលទី២ និងសេចក្តីណែនាំដទៃទៀតដែលស្ថិតនៅជាធរមាន។
ឯកឧត្តមបញ្ជាក់ទៀតថា ការផ្តល់សេវាផ្សេងៗ គ្រឹះស្ថានសិក្សាសាធារណៈអាចចាប់ផ្តើមដំណើរការឡើងវិញ នូវសេវារថយន្តដឹកសិស្ស បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈនិងសេវាអាហារដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩។
ចំណែកការជួសជុលការខូចខាតដោយសារទឹកជំនន់ចំពោះគ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ត្រូវចាត់វិធានការដោះស្រាយ ដោយអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាប្រើប្រាស់មូលនិធិដំណើរការសាលារៀនដើម្បីជួសជុល ទ្រង់ទ្រាយតូច រៀបចំថ្នាក់រៀនឡើងវិញ និងទិញសម្ភារចាំបាច់សម្រាប់ការសម្អាត ការលើកកម្ពស់អនាម័យ សុខភាពសិក្សា និងសុវត្ថិភាពនៅតាមសាលារៀន ផ្តល់បន្ថែមសៀវភៅសិក្សាគោល និងកញ្ចប់សង្គ្រោះបឋម និងកៀរគរធនធានពីដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្របន្ថែមដល់សាលារៀន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត៕​