តួលេខអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៤.២លានករណី ខណៈដែល WHO ថាប្រទេសខ្លះស្ថិតនៅដំណាក់កាលដ៏គ្រោះថ្នាក់

APP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៤៤,២២១,៧៧៥ករណី ហើយក្នុងនោះមនុស្សសរុប ១,១៧១,១៤៧ នាក់ស្លាប់ និង ៣២,៤២៩,៣៣៦នាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង អ្នកឆ្លងនូវវីរុសនេះ កើតមានរហូតដល់ជាង ៤៧៩,៦៥៧នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៤លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង ៩លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីចំនួន ៧១,១២៨ករណី និងស្លាប់ជិត ១ពាន់នាក់។

សូមបញ្ជាក់ផងដែរថា ដោយមើលឃើញតួលេខអ្នកឆ្លង និងស្លាប់ចេះតែកើនឡើងជាបន្តបន្ទាប់ លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ដែលជាប្រមុខអង្គការសុខភាពពិភពលោក WHO បានសង្កត់ធ្ងន់ថា បច្ចុប្បន្នពិភពលោកទាំងមូល កំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់ នៃការឆ្លងរាតត្បាត កូវីដ១៩។ ហើយប្រទេសខ្លះកំពុងស្ថិតនៅលើជំហានដ៏គ្រោះថ្នាក់ នោះគឺការដួលរលំប្រព័ន្ធសុខាភិបាល។

ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រកន្លងទៅនេះ លោក Tedros បានគូសបញ្ជាក់ថា «យើងកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់ នៃការឆ្លងរាតត្បាត COVID-19 ជាពិសេសនៅអឌ្ឍគោលខាងជើង… ហើយនៅប៉ុន្មានខែខាងមុខទៀតនេះ អាចនឹងក្លាយជាពេលកាន់តែពិបាក ដោយមានប្រទេសខ្លះអាចប្រឈមមុខ នឹងការដួលរលំប្រព័ន្ធសុខាភិបាល»។

ដើម្បីដោះស្រាយបញ្ហាទាំងឡាយ លោក ថេដ្រូស អាដាណម បានជំរុញឱ្យមេដឹកនាំទាំងអស់ ធ្វើសកម្មភាពរួមគ្នាជាបន្ទាន់ សំដៅទប់ស្កាត់ការស្លាប់, ការដួលរលំប្រព័ន្ធសុខាភិបាល និងការបិទសាលារៀនជាថ្មីជាដើម។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណាន