ឯកឧត្តម ឃួងស្រេង ដឹកនាំកម្លាំងដោយផ្ទាល់ ចុះលាងសម្អាត បុរីត្រពាំងថ្លឹង ក្រោយរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង

 

វិទ្យុជាតិកម្ពុជា ៖ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០

MC៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងដោយផ្ទាល់ ចុះលាងសម្អាតភូមិឋានប្រជាពលរដ្ឋ ក្នុងបុរីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយជំនន់ទឹកភ្លៀងស្រកអស់។

  ការលាងសម្អាតនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ដោយបានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឱ្យអស់កាក សំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវ រួមទំាងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីការពារសុខមាលភាព ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មី គម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាតនៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់រួចហើយនោះ។

បន្ថែមពីនេះទៀត ឯកឧត្តម អភិបាលរាជធានី ក៏បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានី កាយគម្របមាត់លូ ដែលត្រូវបាន ប្រជាពលរដ្ឋមួយចំនួនចាក់បិទជំនួសដោយដាក់បំពង់ទុយោតូចៗ វិញនោះ ខណៈមន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះ ក៏បណ្តាលមកពីបញ្ហានេះផងដែរ។

គួរបញ្ជាក់ថា យុទ្ធនាការលាងសម្អាតបុរីត្រពាំងថ្លឹងនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង ដើម្បីជួយបាញ់បូម និងលាងសម្អាត ដោយប្រើសាប៊ូផងដែរ ៕​