អាជ្ញាធរខេត្តបាត់ដំបង ត្រៀមចែកពូជស្រូវនិងពូជដំណាំផ្សេងៗប្រមាណជា២៩តោន ដល់កសិករ ដែលរងការខូចខាតពីជំនន់ទឹកភ្លៀង

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

MC៖ អាជ្ញាធរខេត្តបាត់ដំបងត្រៀមចែកពូជស្រូវនិងពូជដំណាំផ្សេងៗប្រមាណជា២៩តោនដល់កសិករ ដែលរងការខូចខាត ពីគ្រោះជំនន់ទឹកភ្លៀង ដើម្បីជួយឱ្យបងប្អូនមានលទ្ធភាពក្នុងការងារបង្កបង្កើនផលឡើងវិញ ។

លោក ឈឹម វជីរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពូជស្រូវនិងពូជដំណាំផ្សេងៗប្រមាណជា២៩តោននេះនឹងត្រូវចែកជូនប្រជាកសិករនៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃក្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ជាកន្លែងដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខ្លំាងជាងគេនៅ ខេត្តបាត់ដំបង។គម្រោងផ្តល់ជូនពូជស្រូវនិងពូជដំណាំនេះ បានធ្វើឡើងស្របតាម អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូនប្រជាពលរដ្ឋដែលរងការខូចខាតក្នុង១គ្រួសារចំនួន១០០គីឡូក្រាម ដើម្បីយកទៅបង្កបង្កើនផលឡើងវិញក្រោយទឹកស្រក។

លោក ឈឹម វជីរា បានឱ្យដឹងទៀតថា  មន្រ្តីជំនាញបានចុះវាយតម្លៃពីមុខសញ្ញាដែលត្រូវផ្តល់ជូនរួចរាល់ហើយ ។

« ពាក់ព័ន្ធនឹងកិច្ចការងារស្តារឡើងវិញនេះ យោងទៅតាមការសិក្សាវាយតម្លៃ យើងនឹងផ្តល់ពូជជូន បងប្អូនប្រជាកសិករ ដែលខូចខាតជាក់ស្តែង។ ហើយចំពោះការចែកនេះគឺយើងចែកទៅតាមតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ ដែលអាចស្តារឡើងវិញបាន។ ហើយបើយើងចែកឱ្យតំបន់ដែលមិនមានប្រភពទឹកយកទៅក៏ខូចខាតដែរ ហើយក្នុងនោះមួយគ្រសារ នឹងទទួល បានពូជ១០០គីឡូក្រាម» ។  

កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពូជស្រូវដែលត្រៀមប្រគល់ជូនកសិករនេះមានរហូតដល់១៨០០តោន និងពូជបន្លែជាង១៦តោន គឺ មានគុណភាពខ្ពស់ អាចដំាដុះទទួលបានផលច្រើន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែតុលា  ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះដំណាំ​ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន១២៦,៩៩៨ហិកតា និងខូចខាចទំាងស្រុងចំនួន ៤១,៧១៦ ហិកតា៕​