កសិករនៅភូមិស្រែពោធិពង្រីក របរបណ្តុះសណ្តែក ដើម្បីបំពេញតម្រូវការទីផ្សារ

 

វិទ្យុជាតិកម្ពុជា៖ លោក គឹមហឿនស្ទឹងត្រែង 

 M.C ៖ កសិករនៅភូមិស្រែពោធិ សង្កាត់ស្រែឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានពង្រីករបរបណ្តុះសណ្តែកដើម្បី បំពេញតម្រូវការទីផ្សារ និងជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែធូរធាជាងមុន។

ប្រជាពលរដ្ឋប្រមាណ៥គ្រួសារនៅសង្កាត់ស្រែឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅតែបន្តប្រកបរបរនេះ ដើម្បី ជួយបំពេញបន្ថែមនៅពេលទីផ្សារខ្វះខាតបន្លែបង្ការនៅរដូវទឹកសម្រក ខណៈដែលមុខរបរបណ្តុះសណ្តែកនេះ ពុំសូវមានបងប្អូនកសិករចាប់អារម្មណ៍នោះទេ ព្រោះវាជារបរមួយរកប្រាក់ចំណេញបានតិច។

        លោកឃិន វិចិត្រ កសិករនៅភូមិស្រែពោធិ បានបញ្ជាក់ថា៖មុខរបរនេះគ្រួសារគាត់បានចាប់ផ្តើមធ្វើជាង១៥ឆ្នាំមកហើយ ព្រោះវាជារបរសុចរិតមួយដែលបានផ្តល់តម្លៃមកដល់ក្រុមគ្រួសារ គឺធ្វើឱ្យគ្រួសាររបស់គាត់មានមុខរបរមួយត្រឹមត្រូវ។ 

           លោកបន្តថាៈមុខរបរមួយនេះបើបងប្អូនចង់ចេះ ពួកគាត់អាចបង្ហាត់បង្រៀនធ្វើបាន  ដោយមិនគិតប្រាក់កម្រៃឡើយ  តែវាត្រូវការភាពអំណត់អត់ធន់  និងភាពឧស្សាហ៍ព្យាយាមទើបធ្វើទៅបានសម្រេច។ 

     លោកស្រី សុវណ្ណរ៉ា នៅភូមិស្រះឬស្សី ប្រកបរបរបណ្តុះសណ្តែកនេះដែរ បានអះអាងថាៈរាល់កិច្ចការងារ បើខ្វះការព្យាយាម   ពិតជាមិនទទួលបានជោគជ័យទេ ។ ដូចជារបរបណ្តុះសណ្តែកនេះជាដើម   យើងត្រូវការថែទាំ ឱ្យបានត្រឹមត្រូវ ។  ដូចជាការជ្រើសរើសពូជសណ្តែក-ការរៀបចំបច្ចេកទេសបណ្តុះ-ការផ្តល់ទឹកឱ្យបានទៀងទាត់ ទើបបានផល ល្អមានអតិថិជនទទួលទិញ។ 

           លោកស្រី ផែនច័ន្ទភត្រ្តា បានបញ្ជាក់ថាៈផលិតផលមួយនេះត្រូវបានអតិថិជននិយមទិញជាច្រើន  ដូចជាអ្នកប្រកបរបរលក់អាហារតាមហាង ពួកគាត់បានបញ្ជាទិញរៀងរាល់ថ្ងៃ មាន ហាងគុយទាវ, ហាងលក់បបរជាដើម- ក្រៅពីនោះអាជីវករមួយចំនួនបានបញ្ជាទិញទៅលក់បន្តទៀតផង។  

លោកស្រីអះអាងថាៈមុខរបរបណ្តុះសណ្តែកនេះ កន្លងមកមានបងប្អូនមួយចំនួនបានបោះបង់ចោលខណៈ អ្នកខ្លះទៀត នៅស៊ូទ្រាំធ្វើ  ព្រោះវាជារបរសាមញ្ញមួយ យើងបានធ្វើនៅជិតផ្ទះដោយមិនបាច់ចេញទៅរកស៊ីឆ្ងាយ    

         សូមបញ្ជាក់ថាៈសណ្តែកបណ្តុះនេះ ប្រើប្រាស់ពូជមួយគីឡូក្រាម អាចផលិតបានពី៤ទៅ៥គីឡូក្រាមសណ្តែកបណ្តុះ និងអាចលក់បានប្រាក់ចំណេញពី៥០០០ទៅ៦០០០រៀល៕