ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងកូរ៉េខាងត្បូង

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា


ភ្នំពេញព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងកូរ៉េខាងត្បូង សំដៅបង្កើនកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន។
ប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់សម័យប្រជុំលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដោយ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ឯកឧត្ដម ម៉ម
ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងកូរ៉េខាងត្បូង នេះ បន្ទាប់ពីឆ្លងកាត់ការពិនិត្យ និងឱ្យយោបល់ក្នុងចំណោមសមាជិកចំនួន៥៦រូប។
ឯកឧត្ដម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា មានសារសំខាន់ និងអត្ថប្រយោជន៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនរួមមាន ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ អំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការសម្អាតប្រាក់ និងហិរញ្ញប្ប-ទានភេរវកម្ម។
ឯកឧត្ដម បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន ដោយឈរលើគោលការណ៍គោរពនូវអធិបតេយ្យភាព សមភាព និងផលប្រយោជន៍ទៅវិញទៅមក។
សន្ធិសញ្ញានេះ នឹងក្លាយជាមូលដ្ឋានគតិយុត្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើសំណើ និងអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការរបស់ភាគីនីមួយៗ ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងបង្កើនប្រសិទ្ធភាពនៃប្រទេសទាំងពីរ ក្នុងការបង្ការ ការស៊ើបអង្កេត ការចោទប្រកាន់ និងការបង្ក្រាបបទល្មើស។
សូមបញ្ជាក់ថា ព្រឹទ្ធសភា នៅថ្ងៃដដែលនេះ ក៏បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤ទៀត មានដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង, ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី, និងការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពីបារត, និងការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន៕