សិប្បកម្មផលិតកាបូបកំប្លោកខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តជួយគាំទ្រដល់ស្នាដៃស្រី្តចាស់ជរា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា

MC៖ សិប្បកម្មផលិតកាបូបកំប្លោកខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តជួយគាំទ្រដល់ស្នាដៃស្រី្តចាស់ជរា ដើម្បីលើកកម្ពស់ស្នាដៃ ផលិតផលខ្មែរ ពិសេសលើកកម្ពស់ជីវភាពនិងឱកាសការងារដល់សិប្បករដែលជាស្រ្តីចាស់ជរា ។  

អ្នកស្រី ព្រាម សាម៉ុន ជាអ្នករកវត្ថុធាតុដើម និងជាអ្នកទទួលផលិតផលសម្រេចពីស្រី្តចាស់ជរា មកលក់នៅលើទីផ្សារ នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា  ការបង្កើតការងារច្នៃកាបូបពីកំប្លោកនេះ ដោយសារអ្នកស្រីស្រឡាញ់របស់ខ្មែរ ដែលធ្វើដោយដៃ និងចង់រក្សាមុខរបរប្រពៃណីរបស់បងប្អូនខ្មែរ នៅខេត្តសៀមរាបដែលមានតាំងពីយូរលង់ណាស់មកហើយ ។ អ្នកស្រីបន្តថា ការប្រមូលទិញនិងរកសម្ភារវត្ថុធាតុដើម ជូនពលរដ្ឋមានវ័យចំណាស់ៗ គឺដើម្បីឱ្យពួកគាត់ងាយស្រួលផលិត បានលឿន ឆ្លើយតបទៅនឹងតម្រូវការ ហើយពិសេសអាចរកចំណូលបានច្រើន ក្នុងការជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ អ្នកស្រីចង់ឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតកផលរបស់ខ្មែរ ពិសេសកាបូបកំប្លោកដែលផលិតដោយស្រ្តីវ័យចំណាស់ នៅក្នុងមូលដ្ឋាន ដើម្បីជួយបង្កើតមុខរបរនិងប្រាក់ចំណូលជូនពួកគាត់។

« សូមប្រជាជនយើងជួយគាំទ្រផលិតផលធ្វើដោយដៃផង ចង់និយាយថាស្ត្រីដែលចាស់ៗនៅក្នុងភូមិ គាត់អត់មានការងារធ្វើទេ ដល់ពេលខ្ញុំបានបង្កើតការងារនេះឡើង គឺគាត់បានកម្រៃខ្លះ គ្រាន់ទៅវត្តទៅវ៉ា ធ្វើបុណ្យធ្វើទាន  ផ្គត់ផ្គង់ជីវភាពខ្លះ ណាមួយកូនចៅរបស់គាត់ មានការខ្វះខាតដែលគេបែកគ្រួសារ អ៊ីចឹងគាត់មានតែមុខរបរផ្ទាល់ខ្លួនធ្វើកាបូប នេះឯង  គ្រាន់បានកម្រៃតិចតួច ចំណែកខាងច្នៃវិញគឺខាងខ្ញុំ ជាអ្នកកែច្នៃបែបម៉ូតផ្សេងៗ ថ្មីៗ ហើយប្លែក ឱ្យគាត់ធ្វើ បើយើងធ្វើដដែលៗគឺទៅមុខអត់រួចទេ »។

អ្នកស្រីបានបន្ថែមថា ដើម្បីធ្វើកាបូបកំប្លោកនេះ គឺត្រូវប្រើប្រាស់វត្ថុធាតុដើមពីកំប្លោកដោយត្រូវហាលឱ្យស្ងួតល្អ ក្នុងរយៈពេល១៥ថ្ងៃ រួចយកទៅសម្ងួតបន្តទៀត ទើបអាចយកទៅផលិតជាកាបូបបាន។ នៅក្នុងមួយខែៗ ស្រ្តីវ័យចំណាស់ម្នាក់ អាចផលិតកាបូបបានចំនួន១០កាបូប  មានតម្លៃក្នុងកាបូប១ពី១៥ ដុល្លារ ទៅ១៨ដុល្លារ ទៅតាមប្រភេទម៉ូតកាបូប ដែលមានផ្កាលម្អចម្រុះពណ៌យ៉ាងស្រស់ស្អាត ។                                                                                                                                   សូមបញ្ជាក់ថា សិប្បកម្មផលិតកាបូបកំប្លោកនេះមានទីតំាងនៅភូមិគោកបេង ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប ហើយសិប្បករភាគច្រើនជាស្រ្តីមេម៉ាយនិងស្រ្តីវ័យចំណាស់ៗ ដែលមានចំនួនជិត២០នាក់៕​