រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តគន្លឹះធំៗចំនួនពីរ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសហគ្រិនជាស្ត្រី

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ១០ ២០២០


MC: លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លើកឡើងថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តគន្លឹះធំៗ ចំនួនពីរក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសហគ្រិនភាពជាស្ត្រី ដើម្បីឈានទៅលុបបំបាត់គម្លាតយេនឌ័រនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ស្តីពី«ភាពជាដៃគូលើការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍ សហគ្រិនភាពរបស់ស្រ្តី»រវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ តុលា ឆ្នាំ២០២០ លោកជំទាវ បានបញ្ជាក់ថា បានគាំទ្រ និងជំរុញឱ្យមានកិច្ចសហការរវាងវិស័យសាធារណៈ ជាមួយនិងវិស័យឯកជន ដើម្បីរួមចំណែកផ្តល់ការលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី រួមបញ្ចូលទាំងបណ្តុះស្មារតីជាសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ បានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា ជារូបមន្តថ្មីមួយទៀត ក្នុងការពង្រីកដៃគូលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសនៅក្នុងវិស័យ សេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការគាំទ្របរិយាកាសការងារសម្រាប់ស្រ្តីនៅក្នុងវិស័យឯកជន។
លោកស្រី ឡាវ ស្រីដែត នាយិកាផ្នែកពាណិជ្ជកម្មប្រចាំក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួនបាន កំណត់គោលដៅជាក់លាក់នៅក្នុងចក្ខុវិស័យ ២០២០-២០២៥ ដើម្បីឱ្យមានបុគ្គលិកជាស្ត្រី៥០ភាគរយនៃចំនួនបុគ្គលិកសរុប នៅត្រឹមឆ្នាំ២០២៥។លោកស្រីថ្លែងថា«ពិពិធភាព និងបរិយាបន្នរវាងស្ត្រីនិងបុរសនៅក្នុងក្រុមហ៊ុននឹងជំរុញឱ្យមាន ភាពច្នៃប្រឌិត នវានុវត្តន៍ ការជជែកគាំទ្រនៅក្នុងក្រុមហ៊ុន ក៏ដូចជាផ្សាភ្ជាប់អាជីវកម្មទៅក្នុងសហគន៍ដែលត្រូវប្រតិបត្តិការ»៕