ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង បាននាំយកថវិកា៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងអាចបន្តបេសកកម្ម ពិនិត្យ ពិគ្រោះ និងព្យាបាលកុមារដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ និងកោតសសើរក្រុមហ៊ុន ជីប ម៉ុង ដែលតែងធ្វើជាគំរូ និងបន្តគាំទ្ររាជរដ្ឋាភិបាលសម្រាប់សកម្មភាពមនុស្សធម៌ ដែលមិនអាចកាត់ថ្លៃបាននេះ។

គិតមកដល់ត្រឹមឆ្នាំ២០២០ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគទឹកប្រាក់សរុប១,១០០,០០០ដុល្លារសហរដ្ឋអាមេរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ដែលកាយវិការនេះបញ្ជាក់ថាថ្នាក់ដឹកនាំ ជីប ម៉ុង តែងតែយកចិត្តទុកដាក់លើវិស័យសុខាភិបាលជាពិសេសសម្រាប់កុមារខណៈដែលក្រុមហ៊ុនតែងតែចូលរួមសកម្មភាពមនុស្សធម៌ក្នុងវិស័យនានាជាច្រើន។

ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ជីប ម៉ុង ក៏បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន ៥០ម៉ឺនដុល្លារសម្រាប់ យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៥០ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា, ៤០ម៉ឺនដុល្លារ អង្ករ និងភេសជ្ជៈ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត។

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកនាំមុខគេមួយ ជីប ម៉ុង តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការងារសង្គម៕

 

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស