អាជ្ញាធររាជធានីនិងខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវ ប្រាំងខាងមុខ

វិទ្យុជាតិកម្ពុជា ៖ ដោយ លោក ហុក សុរិន


MC៖ អាជ្ញាធររាជធានីភ្នំពេញនិង
ខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួន
នារដូវប្រាំងខាងមុខនេះ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំក្រោយ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
អភិបាលខណ្ឌមានជ័យបានឱ្យដឹងថា រដ្ឋបាលខណ្ឌបានលើកផែនការរួចរាល់ហើយក្នុងការស្តារប្រឡាយ លូ មួយចំនួននៅក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ចាក់អង្រែក្រោម បឹងទំពុនទី២ និងស្ទឹងមានជ័យ នាឆ្នាំ២០២១ ខាងមុខ ដើម្បីបើកផ្លូវមុខទឹកឱ្យកាន់តែធំ ដែលអាចរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនា
រដូវវស្សាខាង មុខ ដើម្បីសម្រាលការ
លំបាក និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ការសន្យារបស់អភិបាលខណ្ឌមានជ័យ គឺបានឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋដែលបាន លើកឡើងពីក្តីកង្វល់របស់ខ្លួននៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងរដូវវស្សានេះពួកគាត់បានប្រឈមការលិចលង់ជាច្រើនដោយជំនន់ទឹកភ្លៀង ដោយពិបាកក្នុងការ រស់នៅ និងការធ្វើដំណើរជាដើម ដោយសារបញ្ហាស្ទះលូ។
លោកពេជ្រ កែវ មុន្នី អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា តំបន់ខណ្ឌមានជ័យមានការខ្វះខាតច្រើន
នូវប្រព័ន្ធរំដោះទឹក ប៉ុន្តែអាជ្ញាធរខណ្ឌ
បានលើកផែនការក្នុងការស្តារប្រឡាយលូ និង អភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែមទៀតនាឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ។ លោកបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យតំបន់នោះជន់លិចដោយសារទឹកភ្លៀង គឺភាគច្រើន
បណ្តាលមកពីកត្តាមនុស្ស ដោយចោលសំរាមដាក់នៅមាត់លូ និងការបិទមាត់លូ ធ្វើឱ្យស្ទះចរន្តទឹកហូរ។ ម្យ៉ាងវិញទៀតប្រឡាយមេមួយចំនួនត្រូវបានរំលោភដោយប្រជាពលរដ្ឋ សង់លំនៅដ្ឋាននៅលើប្រឡាយ
បណ្តាលឱ្យកកស្ទះសំរាម និងកំណកដី ហើយអាជ្ញាធរពិបាកចូលទៅស្តារ ដែលនាំឱ្យមានការជន់លិច។
បញ្ហាលូស្ទះនេះរដ្ឋបាលខណ្ឌបានធ្វើគម្រោងដើម្បីស្តារនៅក្នុងឆ្នាំ២០២០នេះហើយ ប៉ុន្តែយឺតយ៉ាវដោយសារបញ្ហាតម្រង់ទិសថវិកាទៅមួយផ្នែកទៀត។ លោកអភិបាល
ខណ្ឌបានសំណូមពរប្រជាពលរដ្ឋ និងសង្កាត់ពាក់ព័ន្ធឱ្យចលនាបើកមាត់លូឡើងវិញ រដ្ឋបាលខណ្ឌនឹងចុះសិក្សាបន្ថែមទៀតចំពោះតំបន់ណាដែល
មិនទាន់មានលូ គឺដាក់លូ ក្នុងកម្រិត
ដែលអាចធ្វើបាន ដូចជា កម្រិតសង្កាត់ និងខណ្ឌ ប៉ុន្តែបើលើសពីនេះគឺដាក់សំណើទៅរាជធានី។
លោកនួន ផារ័ត្ន អភិបាលរងរាជធានី
ភ្នំពេញ បានគាំទ្រចំពោះគម្រោងផែនការស្តារលូប្រឡាយក្នុង តំបន់ភូមិសាស្រ្តដែលលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បីបញ្ចៀសការជន់លិចនាឆ្នាំក្រោយ។ លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការដោះស្រាយ បញ្ហាជនន់លិចដោយជំនន់ទឹកភ្លៀងនេះ ដោយបានស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូមេធំៗជាច្រើន រួមទំាងបំពាក់ម៉ាស៊ីនបូមទឹក
ទំនើបៗ ដើម្បីពន្លឿនការបូមទឹក
ចេញទៅក្រៅក្រុងឱ្យបានលឿន ។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទុក្ខកង្វល់និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែល
បានលើកជាសំណើនៅក្នុងវេទិកាសាធារណៈនេះ អាជ្ញាធរ នឹងដោះស្រាយជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៅតាមជំនាញ ។ នៅក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកជាសំនួរ និងសំណើផ្ទាល់មាត់ចំនួន១១ និងដោយប្រអប់សំបុត្រចំនួន៤៦បញ្ហា៕