ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះដល់ជាង៧៤ភាគរយ ក្នុងរយៈពេល៩ខែ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ១០ ២០២០

MC: ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួនតែជាង១លាន២សែន៤ម៉ឺននាក់ប៉ុណ្ណោះ ដោយថយចុះ ៧៤,១ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល ៩ខែឆ្នាំ២០២០ និងទិសដៅ អនុវត្តបន្តត្រីមាសទី៤ឆ្នាំ២០២០ ក្នុងដំណាក់កាលស្តារវិស័យទេសចរណ៍ឡើងវិញ នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែតុលា ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា គោលបំណង ទេសចរណ៍មានការប្រែប្រួល ជាក់ស្ដែងទេសចរ សម្រាកលំហែកម្សាន្ត មាន៤៣,៤ភាគរយ ទេសចរធុរកិច្ច និងការទូត មាន៥៤,៤ភាគរយ និងផ្សេងៗ ២,៣ភាគរយ ដែលផ្ទុយពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមាន រហូតដល់ ៧៦,២ភាគរយ ទេសចរធុរកិច្ច និងការទូតមាន ២០,៧ភាគរយ និងប្រភេទផ្សេងៗ ៣,១ភាគរយ។ ឯកឧត្តម បន្តថា តាមការព្យាករណ៍ដល់ដំណាច់ ឆ្នាំ២០២០នេះ កម្ពុជានឹងអាចទទួលទេសចរអន្តរជាតិតែប្រមាណ១លាន៣សែន២ម៉ឺននាក់ប៉ុណ្ណោះ ដោយថយចុះប្រមាណ៨០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
តាមការសិក្សា និងវាយតម្លៃរបស់អ្នកជំនាញទេសចរណ៍ បានបង្ហាញថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញតាមសេណារីយ៉ូចំនួន៣គឺ៖ សេណារីយ៉ូទី១៖ ប្រើរយៈពេល៣ឆ្នាំ (២០២០-២០២៣) ករណីមានវ៉ាក់សាំងនៅចុងឆ្នាំ២០២០ និងមានវិធានការគោលនយោបាយអន្តរាគមន៍។ សេណារីយ៉ូទី២៖ ប្រើរយៈពេល៥ឆ្នាំ (២០២០-២០២៥) ករណីមិនមានវ៉ាក់សាំងរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ និងការដាក់ចេញវិធានការគោលនយោបាយអន្តរាគមន៍ទាន់ពេលវេលា។ និងសេណារីយ៉ូទី៣៖ ប្រើរយៈពេល៧ឆ្នាំ (២០២០-២០២៧) ករណីមិនមានវ៉ាក់សាំងរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ និងការដាក់ចេញនូវវិធានការគោលនយោបាយអន្តរាគមន៍មិនទាន់ពេល វេលា៕