អភិបាលស្តីទីខេត្តប៉ៃលិនជំរុញដល់ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជូញដូរមនុស្ស រួមគ្នាទប់ស្កាត់អំពើជូញដូរមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់

វិទ្យុជាតិកម្ពុជាMC៖ អត្ថបទ លោក គួន

ថងអភិបាលស្តីទីខេត្តប៉ៃលិនបានជំរុញដល់ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស រួមគ្នាទប់ស្កាត់អំពើជូញដូរមនុស្ស ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ និង លើកកម្ពស់សិទ្ធិមនុស្សឱ្យកាន់តែល្អប្រសើរ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរបាយការណ៍ រយៈពេល ១០ខែ ឆ្នាំ២០២០ របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមបឹ្រក្សា លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានស្នើដល់ក្រុមការងារទាំង៦របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ត្រូវពង្រឹងក្រុមការងាររបស់ខ្លួន ដោយចាត់មន្រ្តីណាម្នាក់ជាបង្គោលសម្រាប់ធ្វើ របាយការណ៍ជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីត្រួតពិនិត្យ អោយបានជាក់លក្ខណ៍ ដោយបង្កើនការយកចិត្តទុកដាក់ចំពោះកិច្ចការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព។
លោកបានបន្តថា៖ ក្រុមការងារទាំង៦ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការទូលំទូលាយ រវាងសមាជិកនៅក្នុងមន្ទីរដែលពាក់ព័ន្ធ ជាពិសេសត្រូវបន្តលើកកម្ពស់ការងារផ្សព្វផ្សាយ ច្បាប់ គោលនយោបាយ និងពង្រឹងការអប់រំតាមគ្រប់រូបភាព និងការប្រើគ្រប់លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល អំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការធ្វើទេសន្តប្រវេសន៍ និងបទល្មើសពាក់ព័ន្ធដទៃទៀត។
លោកក៏បានកោតសរសើរដល់អនុប្រធានអចិន្រ្តៃន៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារទាំង៦ ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា៖ ការធ្វើចំណាកស្រុកទៅខេត្តដទៃនិងទៅប្រទេសក្រៅរបស់ប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន សរុបចំនួន១៧៩៤នាក់ ស្រី៨០០នាក់ ក្នុងនោះ អ្នកធ្វើចំណាកស្រុកក្នុង ប្រទេសចំនួន៨៩២នាក់ និង ក្រៅប្រទេសចំនួន៩០២នាក់ ហើយនៅក្រៅប្រទេស ស្របច្បាប់មានចំនួន២៣៣នាក់ ខុសច្បាប់ចំនួន ៦៦៩នាក់ នៅប្រទេសថៃចំនួន៨៣៥នាក់ នៅប្រទេសកូរ៉េចំនួន ២៩នាក់,នៅប្រទេសម៉ាឡេស៊ីចំនួន២០នាក់ និងនៅប្រទេសជប៉ុន ចំនួន១៨នាក់ផងដែរ៕