កងកម្លាំងអាមេរិកបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងចលនាតាលីបង់នៅភាគកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថាន

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងក្រុមសកម្មប្រយុទ្ធតាលីបង់នៅតែបន្ត បើទោះបីជាកិច្ចចរចាសន្តិភាពកំពុងតែដំណើរការនៅរដ្ឋធានីដូហានៃប្រទេសកាតាដែលបានចាប់ផ្តើមកាលពីក្នុងខែកញ្ញា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងចលនាតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

អ្នកនាំពាក្យកងកម្លាំងអាមេរិក លោក Sonny Leggett បាននិយាយនៅលើបណ្តាញសង្គម Twitter ថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសមួយប្រឆាំងនឹងចលនាតាលីបង់នៅខេត្ត Wardak ភាគកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។

លោក Leggett បាននិយាយបន្ថែមថា កងយោធាអាមេរិកបដិសេធការចោទប្រកាន់ដែលថាខ្លួនបានរំលោភទៅលើកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយពួកតាលីបង់ រួមជាមួយនឹងការចោទប្រកាន់ថា ការវាយប្រហារតាមអាកាសនេះបានសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថាន លោក Zalmay Khalizad បានប្រកាសថា កុមារចំនួន ១២នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសមួយដោយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលបានធ្វើឡើងនៅភាគឥសាននៃខេត្ត Takhar។ លោក Khalilzad ក៏បានអំពាវនាវឱ្យកាត់បន្ថយអំពើហឹង្សានៅក្នុងប្រទេស និងពន្លឿននៃការស្វែងរកដំណោះស្រាយនយោបាយផងដែរ។

កាលពីថ្ងៃទី ១៨ ខែតុលា ចលនាតាលីបង់បានចោទប្រកាន់កងកម្លាំងអាមេរិកថាបានរំលោភលើកតិកាសញ្ញាដែលមិនមានការឈ្លានពានរវាងភាគីទាំងពីរ ដោយបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ចលនានៅភាគខាងត្បូង និងភាគខាងលិចរបស់អាហ្គានីស្ថាន។ សហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់របស់ចលនាតាលីបង់នេះ ដោយបានអះអាងថា ការវាយប្រហារតាមអាកាសបានធ្វើឡើងស្របគ្នាជាមួយកងកម្លាំងការពារជាតិ និងសន្តិសុខជាតិអាហ្វហ្គានីស្ថាន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)