ឥណ្ឌា និងហ្វីលីពីនចាប់ផ្តើមកិច្ចចរចាអំពីកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — ប្រទេសឥណ្ឌា និងហ្វីលីពីន បានចាប់ផ្តើមកិច្ចចរចាអំពីកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី ដោយសារពួកគេចង់ជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។

កិច្ចចរចាលើកទី ១ ស្តីពីសន្ធិសញ្ញាថ្មីនេះបានធ្វើឡើងកាលពីសប្តាហ៍មុននៅក្នុងកិច្ចប្រជុំនិម្មិត្តមួយរវាងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចឥណ្ឌា និងនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។

មន្ត្រីឥណ្ឌាម្នាក់បាននិយាយថា ភាគីទាំងពីរបានផ្លាស់ប្តូរសេចក្តីព្រាងរៀងៗខ្លួនកាលពីប៉ុន្មានឆ្នាំមុន បន្ទាប់ពីប្រទេសឥណ្ឌាបានសម្រេចធ្វើការលើអត្ថបទថ្មីនៃសន្ធិសញ្ញាវិនិយោគទ្វេភាគី។ ជាមួយនឹងការរីកចម្រើននាពេលថ្មីៗនេះនៅក្នុងការចូលរួមផ្នែកសេដ្ឋកិច្ចទ្វេភាគី ភាគីទាំងពីរកំពុងស្វែងរកដំណោះស្រាយឈានទៅដល់ដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមជាច្រើន។

កាលពីពេលថ្មីៗនេះ បណ្តាក្រុមហ៊ុនឥណ្ឌាបានធ្វើការវិនិយោគគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសហ្វីលីពីន។ សហគ្រាសទាំងនេះរួមមាន សហគ្រាស Wipro ដែលកំពុងបញ្ចប់ការទិញយកក្រុមហ៊ុនថែទាំផ្ទាល់ខ្លួន Splash របស់ហ្វីលីពីនក្នុងទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិក និងក្រុមហ៊ុន GMR ដែលកំពុងបញ្ចប់គម្រោងអាកាសយានដ្ឋានធំៗពីរនៅក្នុងខេត្ត Cebu និងខេត្ត Clark ។

សាជីវកម្មក្រុមហ៊ុន Ayala របស់ហ្វីលីពីនដែលពីមុនបានវិនិយោគទឹកប្រាក់ចំនួន ១០០លានដុល្លារអាមេរិកនៅក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យមួយនៅក្នុងរដ្ឋ Rajasthan បានប្រកាសវិនិយោគទឹកប្រាក់ចំនួន ៣៦លានដុល្លារអាមេរិកនៅក្នុងរោងចក្រថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង ៧០មេហ្គាវ៉ាត់នៅក្នុងស្រុក Amreli នៃរដ្ឋ Gujarat ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)