មន្រ្តីជាន់ខ្ពស់ការងារអាស៊ានជួបប្រជុំតាមប្រព័ន្ធអនឡាញសម្រាប់កិច្ចប្រជុំលើកទី ១៦

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២៦ ខែតុលា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារអាស៊ានលើកទី ១៦ (SLOM) បានធ្វើឡើងតាមរយៈសន្និសីទវីដេអូ ដោយមានការចូលរួមពីអ្នកតំណាងមកពីប្រទេសជាសមាជិកទាំង ១០ និងលេខាធិការដ្ឋានអាស៊ាន។

ថ្លែងនៅក្នុងពិធីនោះនៅទីក្រុងហាណូយ លោកស្រី Ha Thi Minh Duc អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តសេចក្តីប្រកាសអាស៊ាន ស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្តូរពិភពលោកនៃការងារ។

លោកស្រីបាននិយាយថា ប្រទេសវៀតណាមមានបំណងបង្កើនចំណងទាក់ទងជាមួយប្រទេសសមាជិកដទៃទៀត និងអង្គការអន្តរជាតិពាក់ព័ន្ធនានា ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះប្រកបដោយប្រសិទ្ធភាព។

អ្នកចូលរួមនៃកិច្ចប្រជុំនេះត្រូវបានផ្តល់ព័ត៌មានថ្មីៗពីលេខាធិការដ្ឋានអាស៊ាន ស្តីពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីសម្រេចនៅឯកិច្ចប្រជុំអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំ SLOM រួមជាមួយព័ត៌មានស្តីពីសេចក្តីថ្លែងការណ៍ដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះរបស់ប្លុក។

លេខាធិការដ្ឋានក៏បាននិយាយផងដែរអំពីក្របខ័ណ្ឌនៃការស្តារឡើងវិញនូវភាពទូលំទូលាយអាស៊ាននិងផែនការអនុវត្តក្របខ័ណ្ឌនេះ។

ប្រទេសជាសមាជិកបានពិចារណា និងឯកភាពគ្នាទៅលើផែនការការងារដែលទាក់ទងនឹងការងារសម្រាប់ឆ្នាំ ២០២១-២០២៥ ។

កិច្ចប្រជុំ SLOM គឺជាការប្រជុំប្រចាំឆ្នាំមួយដែលមានគោលបំណងពិនិត្យមើលការអនុវត្តសកម្មភាពរបស់ក្រុមការងារចំនួន ៣ គឺក្រុមការងារ SLOM ស្តីពីភាពរីកចម្រើននៃការអនុវត្តការងារដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងអាស៊ាន គណៈកម្មាធិការអាស៊ានស្តីពីការអនុវត្តសេចក្តីប្រកាសអាស៊ានអំពីកិច្ចការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុក និងបណ្តាញសុវត្ថិភាពការងារ និងសុខភាពអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)