សភាថៃស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយ

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២៦ ខែតុលា សភាជាតិនៃប្រទេសថៃបានចាប់ផ្តើមសម័យប្រជុំវិសាមញ្ញរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សារកដំណោះស្រាយចំពោះវិបត្តិនយោបាយនាពេលបច្ចុប្បន្ន។

ប្រធានសភាតំណាងរាស្ត្រ លោក ឈួន លីកផៃ បានអំពាវនាវឱ្យសមាជិកសភា និងសមាជិកព្រឹទ្ធសភា ខិតខំប្រឹងប្រែងរួមគ្នាដើម្បីរកដំណោះស្រាយសម្រាប់ជម្លោះនយោបាយ។

បាតុកម្មតវ៉ាដែលដឹកនាំដោយក្រុមនិស្សិតបានកើនឡើងក្នុងរយៈពេល ៣ខែនេះ ហើយជាមួយនឹងការធ្វើបាតុកម្មចុងក្រោយបង្អស់កាលពីថ្ងៃទី ១៤ ខែតុលា នៅពេលដែលក្រុមបាតុករបានប្រមូលផ្តុំគ្នាជាច្រើននៅក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានចេញសេចក្តីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅទីក្រុងបាងកកចាប់ពីម៉ោង ៤:០០ព្រឹកថ្ងៃទី ១៥ ខែតុលា ដើម្បីគ្រប់គ្រងការធ្វើបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងកើនឡើងដោយក្រុមបាតុករ។ លោកបានដកសេចក្តីប្រកាសនេះចេញកាលពីថ្ងៃទី ២២ ខែតុលា។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃទី ២១ ខែតុលា លោកនាយករដ្ឋមន្រ្តីរូបនេះបានអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ និងចូលរួមក្នុងកិច្ចពិភាក្សាដើម្បីដោះស្រាយជម្លោះនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)