ព្យុះទីហ្វុង Molave បោកបក់លើកោះ Luzon របស់ហ្វីលីពីនធ្វើឱ្យអ្នកនេសាទ ១២នាក់បាត់ខ្លួន

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ព្យុះទីហ្វុង Movlave បានបោកបក់នៅភាគខាងត្បូងនៃកោះ Luzon របស់ប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃទី ២៥ ខែតុលា ដោយបានបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំង និងបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ព្រមទាំងបណ្តាលឱ្យអ្នកនេសាទយ៉ាងហោចណាស់ ១២នាក់បានបាត់ខ្លួន។

ព្យុះទីហ្វុងដ៏ខ្លាំងនេះ បានបោកបក់ក្នុងល្បឿនខ្យល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្លាំងបង្កើនល្បឿនដល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបង្កឱ្យមានទឹកជំនន់ និងបង្កឱ្យមានការបញ្ជាជម្លៀសប្រជាជនដោយបង្ខំរាប់ម៉ឺននាក់ផងដែរ។

មន្ត្រីការិយាល័យការពារជនស៊ីវិលបានប្រាប់វិទ្យុក្នុងស្រុក DZMM ថា ពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ភ្លាមៗទេ ប៉ុន្តែអ្នកនេសាទ ១២នាក់នៅតាមសមុទ្របានខកខានមិនបានវិលត្រឡប់ទៅខេត្ត Catanduanes នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះវិញ ដោយគេបាននិយាយបន្ថែមថា ពួកគេបានបាត់ខ្លួនអស់រយៈពេល ២៤ម៉ោងហើយ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ។

ព្យុះ Molave ជាព្យុះទី ១៧ ដែលវាយប្រហារប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ បន្ទាប់ពីព្យុះត្រូពិច Saudel ដែលបានកើតមានកាលពីសប្តាហ៍មុន ដោយបានបង្កឱ្យមានទឹកជំនន់រាលដាលនៅខេត្ត Quezon ក្នុងតំបន់ Calabarzon ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល។

នៅក្នុងខេត្ត Albay ប្រជាជនជម្លៀសចំនួន ១៥.០០០នាក់ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ប៉ុន្តែតំបន់ជាច្រើននៅតែលិចលង់ និងគ្មានថាមពលប្រើប្រាស់។

ប្រមាណជាពាក់កណ្តាលនៃប្រជាជនហ្វីលីពីនដែលមានចំនួន ១០៧លាននាក់កំពុងរស់នៅក្នុងតំបន់ Luzon។ ប្រទេសនេះរងការវាយប្រហារដោយព្យុះទីហ្វុងជាមធ្យមចំនួន ២០ដងក្នុងមួយឆ្នាំ។

ព្យុះ Molave ត្រូវបានគេព្យាករថា នឹងចាកចេញពីប្រទេសហ្វីលីពីននៅព្រឹកថ្ងៃទី ២៧ ខែតុលា និងឆ្ពោះទៅកាន់ប្រទេសវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)