ប្រទេសឡាវបើកច្រកព្រំដែនឆ្លងកាត់មួយចំនួនដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២៦ ខែតុលា កាសែតជាភាសាអង់គ្លេសរបស់ឡាវ Vientiane Times បានចុះផ្សាយថា រដ្ឋាភិបាលឡាវកំពុងបើកច្រកព្រំដែនឆ្លងកាត់មួយចំនួនឡើងវិញជាបណ្តោះអាសន្នក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត។

កាសែតនេះបានដកស្រង់ព័ត៌មានពីគេហទំព័រក្រសួងពាណិជ្ជកម្មឡាវថា ការអនុវត្តនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីថ្លឹងថ្លែងនៃការដាក់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស SARS CoV-2 ជាមួយនឹងការបន្ធូរបន្ថយការរឹតត្បិតដើម្បីឱ្យអាជីវកម្មអាចនាំចូល និងនាំចេញទំនិញបាន។

ការដកការរឹតបន្តឹងជាក់លាក់នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងខេត្តចំនួន ៤ នៅក្នុងប្រទេសឡាវ និងប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់អាជីវកម្មនានាក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ពួកគេ និងជំនះឧបសគ្គដែលកំពុងប្រឈមមុខ ព្រមទាំងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនេះផងដែរ។

ច្រកព្រំដែនឆ្លងកាត់ដែលត្រូវបានបើកឡើងវិញនោះ រួមមានច្រកព្រំដែនឆ្លងកាត់ Nongmar នៅក្នុងខេត្ដ Khammuan ច្រកព្រំដែនឆ្លងកាត់ Ban Vang នៅក្នុងខេត្ត Vientiane ច្រកព្រំដែនឆ្លងកាត់ Thasa-ath នៅក្នុងខេត្ត Borikhamxay និងច្រកព្រំដែនឆ្លងកាត់ Panghay នៅក្នុងខេត្ដ Luang Namtha។

គួរកត់សម្គាល់ថា ច្រកព្រំដែនឆ្លងកាត់ Panghay នឹងបើកដំណើរការវិញចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំក្រោយ ដើម្បីជួយដល់ពាណិជ្ជកម្មរវាងប្រទេសឡាវ និងចិន។

នៅក្នុងប្រទេសឡាវ ទំនិញត្រូវបាននាំចូល និងនាំចេញជាចម្បងតាមរយៈច្រកទ្វារអន្តរជាតិដែលបំពាក់ដោយគ្រឿងបរិក្ខារ និងបុគ្គលិកចាំបាច់ ដើម្បីពិនិត្យ និងកំណត់អត្តសញ្ញាណជនណាដែលមានផ្ទុកវីរុស។

រហូតមកដល់ពេលនេះ ប្រទេសឡាវបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៤នាក់ ដោយពុំមានអ្នកស្លាប់នៅឡើយទេ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)