លំហូរនៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសឥណ្ឌូណេស៊ីធ្លាក់ចុះ ៥,១ភាគរយក្នុងរយៈពេល ៩ខែនេះ

AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — ក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគរបស់ឥណ្ឌូណេស៊ី (BKPM) បានរាយការណ៍ថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ីបានធ្លាក់ចុះ ៥,១ភាគរយ ដោយធ្លាក់ចុះពីតម្លៃ ៣១៧,៨ទ្រីលានរូពៀ (២១,៦១ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេល ៩ខែកាលពីឆ្នាំ ២០១៩ មកនៅត្រឹម ៣០១,៧ទ្រីលានរូពៀក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ នេះ។

ទោះជាយ៉ាងណា ការវិនិយោគដោយផ្ទាល់ក្នុងស្រុក (DDI) បានកើនឡើង ៩,៣ភាគរយ ដោយកើនតម្លៃដល់ ៣០៩,៩ទ្រីលានរូពៀ ពីតម្លៃ ២៩៣,៥ទ្រីលានរូពៀក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសនេះបានប្រកាសអំពីការចំណាយទឹកប្រាក់វិនិយោគចំនួន ៦១១,៦ទ្រីលានរូពៀក្នុងបីត្រីមាសចុងក្រោយនេះ ដោយកើនឡើងបាន ១,៧ភាគរយ។ នៅក្នុងត្រីមាសទី ៣ នេះ ការវិនិយោគសរុបបានកើនឡើង ៨,៩ភាគរយ ដោយកើនតម្លៃដល់ ២០៩ទ្រីលានរូពៀ ពីតម្លៃ ២០៥,៧ទ្រីលានរូពៀ។

ទន្ទឹមនឹងនេះដែរ ការចំណាយនៃការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើង ៨,៧ភាគរយនៅក្នុងត្រីមាសទី ៣ ដែលជាកំណើនលើកដំបូងនៅក្នុងឆ្នាំនេះ ដោយកើនតម្លៃដល់ ១០៦,១ទ្រីលានរូពៀ ពីតម្លៃ ១០៥ទ្រីលានរូពៀ។

ថ្លែងនៅក្នុងសន្និសីទនិម្មិត្តមួយកាលពីថ្ងៃទី ២៣ ខែតុលា ប្រធាន BKPM លោក Bahlil Lahadalia បាននិយាយថា រយៈពេលដ៏សំខាន់សម្រាប់ការធ្វើឱ្យសម្រេចបាននូវការវិនិយោគនៅក្នុងយុគសម័យរីករាលដាលនៃជំងឺកូវីដ-១៩ នេះបានបញ្ចប់ហើយ។

លោកជឿជាក់ថា នៅត្រីមាសបន្ទាប់ចំនួននេះនឹងខ្ពស់ជាងត្រីមាសចុងក្រោយនេះ ដោយសារច្បាប់ Omnibus ដែលត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តនៅក្នុងឆ្នាំនេះ ដើម្បីជំនះឧបសគ្គនៃបទប្បញ្ញត្តិមួយចំនួន និងភាពងាយស្រួលនៃការផ្តល់អាជ្ញាប័ណ្ណ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)