ស្នងការនគរបាលខេត្តកណ្តាល ទទួលអំណោយពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន

(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងលោក-លោកស្រីស្នងការរង នៅរសៀលថ្ងៃចន្ទ ១០កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើការប្រមូលផ្តុំកម្លាំងនៅស្នងការដ្ឋាន ដោយមានកងកម្លាំងនគរបាលប្រមាណជិត៥០០នាក់ចូលរួមប្រជុំជួរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកអង្ករ១០តោន ,ថវិកា១០លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មកប្រគល់ជូនដល់លោកស្នងការនគរបាលខេត្តកណ្តាលផងដែរ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទូទាំងខេត្តផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏ធ្វើការកោតសរសើរដល់ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងដឹកនាំកងកម្លាំងបំពេញភារកិច្ចតាមជំនាញ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រកបដោយសុខសុវត្ថិភាព ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវរួមគ្នាគិត-រួមគ្នាធ្វើ ទើបការងារជោគជ័យថ្មីៗបន្ថែមទៀត ។ ក្រៅពីការងារភារកិច្ច និងកាតព្វកិច្ចនៅក្នុងអង្គភាព សូមបងប្អូនទាំងអស់គ្នាថែរទាំសុខភាពឲ្យបានល្អ ហូបស្អាត រស់នៅស្អាត ដើម្បីជៀសឆ្ងាយពីជម្ងឺផ្សេងៗ ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ដែលលោកតែងតែគិតគូរដល់សុខទុក្ខ របស់កងកម្លាំងនគរបាលខេត្តកណ្តាល ក៏ដូចជាកងកម្លាំងផ្សេងៗទៀតទូទាំងប្រទេស ៕

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស