លោកជំទាវ ម៉ែន សំអន ស្នើឱ្យមន្ទីរ ស្ថាបន័ពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀង ត្រូវបន្ដសហការគ្នាឱ្យល្អ ក្នុងការជួយដល់ប្រជាពលរដ្ឋ

AKP ស្វាយរៀង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ១១អង្គភាព ដែលជាកម្លាំងអន្តរាគមជួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកជំទាវក៏បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនូវក្តីនឹករលឹក និងការគិតគូរ យកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួប និង ចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ។

លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពុំបានទុក្ខប្រជាពលរដ្ឋ ណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួននៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមជាមួយគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់កម្មករ កម្មការិនីជាដើម។

លើសពីនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្ដអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព៖ សូមប្រជា ពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់ មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះដែលអាចកើតឡើងជាយថាហេតុ។ សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ការពារនូវជំងឺកូវី១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា ហើយនៅពេលទឹកស្រក មុនពេល ត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ជាពិសេស លោកជំទាវក៏បានជំរុញឱ្យមន្ទីរជំនាញទាំង៤ រួមមាន៖ មន្ទីរសារធារណការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរធនធានទឹក និងឧត្តុនិយម ត្រូវសហការគ្នាឱ្យល្អក្នុងការជំរុ ញជួយដល់ប្រជាពលរដ្ឋក្នុងការផ្តល់គ្រាប់ពូជ និងហេដ្ឋរចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈ លោកជំទាវ និងថ្លែងអំណរគុណ ដល់អភិបាលរាជធានីភ្នំពេញ កម្លាំងប្រដាប់ អាវុធ ប្រជាការពារភូមិអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយយកមកចែកជូនទាំង ៥២គ្រួសារ នាពេលនោះដោយ ក្នុងមួយគ្រួសារទទួលបាន អង្ករ ក្រណាត់កៅស៊ូតង់ ធុងទឹកជ័រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ កន្ទេលបត់ ឃីត និងថវិកា៥ម៉ឺនរៀល។ ចំណែកឯ អង្គភាពទាំង១១ ទទួលបាន មី អង្ករ ទឹកដោះគោ និងទឹកសុទ្ធផងដែរ៕

ដោយសួសសំរិត