ទោះបីមិនមានការអុំទូក ប៉ុន្តែមន្រ្តីរាជការ កម្មករ-កម្មការិនី នៅតែឈប់សម្រាកជាធម្មតា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

MC ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នៅក្នុងឱកាស ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅប៉ុន្មានថ្ងៃខាងមុខនេះ បើទោះបីពុំមានការរៀបចំប្រណាំងទូកក្តី ប៉ុន្តែមន្រ្តីរាជការ កម្មករ-កម្មការិនី នៅតែឈប់សម្រាកដដែល  ហើយសូមប្រជាពលរដ្ឋរៀបចំពិធីអកអំបុក និងសំពះព្រះខែនៅតាមផ្ទះនិងតាមវត្តអារាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីទីក្រុងរណបកោះពេជ្រ ទៅកាន់ កោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជាឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មិនបានប្រារព្ធនៅរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែពីធីសំពះព្រះខែ និងអកអំបុក នៅតែរៀបចំដដែល គឺនៅតាមផ្ទះនិងតាមវត្តអារាម ហើយសម្រាប់ការឈប់សម្រាកនៅតែឈប់សម្រាកដដែល។

សម្តេច​បញ្ជាក់ថា​៖ «ថ្ងៃ ៣០ ព្រះរាជពិធីបុណ្យអុំទូកនឹងចាប់ផ្ដើម។ បើទោះបីជាយើងចង់អុំទូក ក៏អត់បានដែរឆ្នាំនេះ តែដោយសារកូវីដ-១៩ យើងបានលុបចោលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនៅទីក្រុងភ្នំពេញ។ សូមបញ្ជាក់ថាយើងគ្រាន់តែមិនរៀបចំការអុំទូកតែប៉ុណ្ណោះ ប៉ុន្តែរឿងសំពះព្រះខែនៅតាមផ្ទះ អំបុកនៅតាមផ្ទះ គឺនៅតែធ្វើ។ មន្ដ្រីរាជការរបស់យើង កម្មករ កម្មការិនី ទទួលបានការឈប់សម្រាក នៅតែបន្តការឈប់សម្រាកដ៏ដែល។  ច្បាស់ណាស់ពិតជាមានអ្នកទេសចរ ចេញពីទីក្រុង ចេញពីខេត្តមួយទៅកាន់កន្លែងមួយ ទៅគោលដៅទេសចរណ៍មួយនៅពេលខាងមុខហ្នឹង »។

  សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអុំបុកសម្រាប់ឆ្នាំ២០២០ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០  ដែលតម្រូវឱ្យមន្រ្តីរាជការ កម្មករ កម្មការិនី ឈប់សម្រាកចំនួន៣ថ្ងៃ៕​