ស្ពានឆ្លងកាត់ទន្លេបាសាក់ពីផ្លូវជាតិលេខ១ទៅកោះនរានិងពីកោះនរាទៅកោះពេជ្រ នឹងជួយសម្រួលចរាចរណ៍ នៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំ

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីផ្លូវជាតិលេខ១ ទៅកោះនរា និង ពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ នឹងជួយសម្រួលចរាចរណ៍ស្ពានព្រះមុនីវង្សបានមួយកម្រិតធំ ហើយការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែលឿនជាងមុន។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ពីតំបន់ទីក្រុងរណបកោះពេជ្រ ទៅកាន់ កោះនរា និងពីកោះនរាទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា បន្ទាប់ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរាទៅទីក្រុងរណបកោះពេជ្ររួចរាល់ហើយ ស្ពាននេះនឹងចូលរួមចំណែក ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំ ហើយនឹងធ្វើឱ្យការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋកាន់តែមានភាពរហ័សនិងងាយស្រួលជាងមុនទ្វេដង។
សម្តេចតេជោ បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនធំនឹងងាកមកធ្វើដំណើរតាមស្ពានថ្មីនេះវិញ ព្រោះវាងាយស្រួលសម្រាប់ ប្រជាពលរដ្ឋ អាចធ្វើដំណើរទៅតាមខេត្តដែលខ្លួនចង់ទៅផង និង អាចទស្សនាទិដ្ឋភាពនៅជុំវិញស្ពាន ដែលជាសមិទ្ធផលជាតិ ថ្មីនោះផង ពិសេសចំណេញពេលវេលា។
សម្តេច​បញ្ជាក់ថា​ សង្ឃឹមថាបន្ទាប់ពីការដ្ឋាននេះរួចហើយចរាចរណ៍ក៏ត្រូវបានសម្រួលពីស្ពានព្រះមុនីវង្សរបស់យើងហើយអ្នកធ្វើដំណើរច្បាស់ជាគេចូលលេងផង ឆ្លងកាត់ផង គេលេងផង គេមើលផង អ៊ីចឹងទេស្ថានភាពចរាចរណ៍នៅវិមានឯករាជ្យកាន់តែច្រើន។ប៉ុន្តែអាហ្នឹងធម្មតា ព្រោះគេមកពីមុនគេតាមហ្នឹង យើងគិតតែគេមកលេងកោះពេជ្រ តែដល់ពេលខាងមុខតភ្ជាប់គ្នារួចហើយ យើងនឹងដឹងថាអ្នកខ្លះមិនមកត្រឹមតែកោះពេជ្រទេ គឺគេមកកោះនរា ប៉ុន្តែអ្នកខ្លះទៀតមិនត្រឹមតែមិនមកត្រឹមកោះពេជ្រនិង កោះនរានោះទេ តែគេទៅព្រៃវែង គេទៅលើកដែកនិងទៅខាងក្រោម។
សូមបញ្ជាក់ថា ស្ពានបេតុងខ្សែកាបតភ្ជាប់ ពីតំបន់អភិវឌ្ឍកោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានប្រវែង ៨២៤ ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ស្ពាននេះគ្រោងប្រើពេលវេលាសាងសង់ ៣៥ ខែ ដោយចំណាយថវិកាប្រមាណ ៣៨ លានដុល្លារ។
ដោយឡែក គម្រោងស្ពានបេតុងតភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់តំបន់អភិវឌ្ឍកោះនរា មានប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រ គ្រោងប្រើពេលវេលាសាងសង់ ១២ ខែ និងចំណាយថវិកាប្រមាណជាង១លាន ៦ សែនដុល្លារអាមេរិក៕