ខេត្តបន្ទាយមានជ័យនឹងចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការស្ដារស្រូវស្រាលនៅដើមខែវិច្ឆិកាខាងមុខ

 

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 

MC៖ ខេត្តបន្ទាយមានជ័យ នឹងចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការស្ដារស្រូវស្រាល នៅដើមខែវិច្ឆិកាខាងមុខ តាមរយៈចែកពូជស្រូវ ដល់ប្រជាកសិករ ដើម្បីឱ្យកសិករនៅតែមានលទ្ធភាពបង្កបង្កើនផល បន្ទាប់ពីរងការខូចខាតដោយជំនន់ទឹកភ្លៀង។ 

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា  បន្ទាយមានជ័យ ជាខេត្តដែលរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងខ្លាំងជាងគេ ក្នុងចំណោមរាជធានី-ខេត្តចំនួន១៩ ដែលធ្វើឱ្យប៉ះពាល់ផលដំណាំស្ទើរតែទាំងស្រុង ពិសេសដំណាំស្រូវរងការខូចខាតប្រមាណជា ៦៧.០០០ហិកតា។ តាមរយៈនេះទើបមន្ទីរកសិកម្មខេត្តសម្រេចបង្កើតយុទ្ធនាការដាំដុះស្រូវស្រាល ដើម្បីស្ដារឡើងវិញក្នុងជំហានដំបូងនេះ។

លោកបានបន្តថា យុទ្ធនាការស្តារផលដំណាំ ពិសេសការដាំដុះស្រូវនេះ ធ្វើឡើងក្រោមការសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារនៃមន្ទីរកសិកម្មខេត្ត រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាជួយដល់កសិករ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឱ្យចាប់ផ្តើមធ្វើជំហានដំបូង ពីស្រុកមង្គលបុរី ដោយមានការសិក្សាពីមន្ត្រីជំនាញ ទាក់ទងទៅនឹងប្រភពទឹក និងផលប៉ះពាល់ក្នុងពេលខាងមុខឱ្យបានច្បាស់លាស់ ។ 

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ស្រូវពូជ១គ្រួសារៗចំនួន១០០គីឡូក្រាម ដល់ប្រជាពលរដ្ឋដែលរងការខូចខាតដំណាំស្រូវពីគ្រោះទឹកជំនន់ ដើម្បីជួយសម្រាលទុក្ខលំបាកក្រោយទឹកជំនន់ស្រកទៅវិញ ឱ្យកសិករមានលទ្ធភាពនៅតែអាចបង្កបង្កើនផលបាន។

សម្តេចតេជោបានណែនាំឱ្យក្រសួងពាក់ព័ន្ធ ត្រូវតែចុះវាយតម្លៃលើការខូចខាតដំណាំស្រូវរបស់ពលរដ្ឋចាប់ពីថ្នាក់ខេត្តតែម្ដង ថាតើប៉ុន្មានគ្រួសារដែលរងការខូចខាតដំណាំស្រូវ ព្រោះមិនមែនខូចទាំងអស់នោះទេ ដោយសារស្រូវខ្លះក៏នឹងអាចល្អ លើសដើម ដោយសារវាត្រូវទឹកបានជីល្អជាងមុន ។ 

ចំណែកឯប្រជាពលរដ្ឋដទៃទៀតដែលមិនបានបង្កបង្កើនផលស្រូវ ក៏អាចទទួលបានពូជដំណាំ៦មុខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ  ដើម្បីដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកក្នុង ក្រុមគ្រួសារ និងការលក់ដូរទៅកាន់ទីផ្សារ។

សូមបញ្ជាក់ថា ដើម្បីអនុវត្តយុទ្ធនាការស្តារផលដំណាំស្រូវក្នុងដំណាក់កាលខាងមុខនេះ ក្រសួងកសិកម្មបានផ្ដល់នូវសម្ភារ ប្រើប្រាស់មួយចំនួនដល់បណ្ដាភូមិ ឃុំដែលបានកំណត់ មានដូចជាត្រាក់ទ័រចំនួន៥គ្រឿង គោយន្តសម្រាប់ពង្រាបដីចំនួន៥ គ្រឿង និងម៉ាស៊ីនដាំគ្រាប់ស្រូវចំនួន៤គ្រឿងទៀតផង ៕