រដ្ឋបាលស្រុកប្រាសាទបាគងគ្រោងបង្កើតវិថីប្រពៃណីខ្មែរ ដើម្បីរួមចំណែកបម្រើឱ្យវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប


MC. រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងសិក្សាគម្រោងបង្កើតវិថីប្រពៃណីខ្មែរ ដោយធ្វើការស្រាវជ្រាវ និង ចងក្រងអំពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋទាំង៩ឃុំនៅក្នុងមូលដ្ឋាននេះ ដើម្បីរួមចំណែក ក្នុងការថែរក្សាប្រពៃណី វប្បធម៌ ផ្សារភ្ជាប់និងវិស័យទេសចរណ៍ក្នុងសហគមន៍។
លោកសូ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឱ្យដឹងថា គោលបំណង នៃការចងក្រងបង្កើតគម្រោងវិថីប្រពៃណីខ្មែរ គឺដើម្បីរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកទស្សនា ពន្យារពេលស្នាក់នៅក្នុងសហគមន៍ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋជាដើម។
លោកបន្តថា បច្ចុប្បន្ននេះក្រុមការងារកំពុងធ្វើការសិក្សាស្រាវជ្រាវជាមួយប្រជាពលរដ្ឋទាំង៩ឃុំ នៅក្នុងសហគមន៍ផ្ទាល់ និងចងក្រងបង្កើតជាវិថីនេះឡើង មុននឹងដាក់ឱ្យភ្ញៀវចូលទស្សនា។
លោក​បញ្ជាក់​ថា​៖ យើងកំពុងចាប់ផ្តើមសិក្សា ហៅថាគម្រោងវិថីប្រពៃណីខ្មែរ យើងធ្វើទាំង៩ឃុំ យើងសិក្សា តាមភូមិតាមឃុំនីមួយៗ ពីចំណុចទាក់ទាញ មានវប្បធម៌ប្រពៃណីយើងគាស់កកាយដើម្បីចងក្រងវិថីនេះឡើង បង្ហាញឱ្យភ្ញៀវទេសចរបានដឹង គោលបំណងមានប្រាំ ទីមួយពន្យារការស្នាក់នៅរបស់ភ្ញៀវអាចបានមួយថ្ងៃឬពីរថ្ងៃដែរ ទីពីររកចំណូលផ្ទាល់ដល់សហគមន៍ ទីបីថែរក្សាវប្បធម៌ទាំងរូបី និងអរូបី កុំឱ្យគាត់ទុកចោលអត់បានបង្ហាញ យើងគាស់រំលើងរំលេចឡើងវិញ យកមកដាក់បង្ហាញ ឲ្យភ្ញៀវមកមើល ទីបួនរក្សាបាននូវសោភ័ណភាព បរិស្ថានផ្សេងៗនៅក្នុងមូលដ្ឋាន រៀបចំភូមិឃុំយើងឱ្យបានល្អ ទីប្រាំដើម្បីរកការងារធ្វើឱ្យប្រជាពលរដ្ឋនៅសហគមន៍ ចៀសវាងការចំណាកស្រុក នេះជាគោលបំណង ហើយយើងបានចុះទៅសិក្សា ប៉ុន្តែដោយសារកូវីដ-១៩បានផ្អាកបន្តិច តែខ្ញុំនិងធ្វើកិច្ចការនេះឱ្យដើរ»។
សូមជម្រាបផងដែរថា ស្រុកប្រាសាទបាគងត្រូវបានដាក់ឈ្មោះតាមប្រាសាទបាគង ដែលមានរាងពីរ៉ាមីតដ៏ល្បីល្បាញ បានកសាងមុនសម័យអង្គរ និងជាប្រាសាទដ៏សំខាន់បំផុតនៃក្រុមប្រាសាទរលួស ហើយជារាជធានីហរិហរាលល័យ​របស់អាណាចក្រខ្មែរនាសម័យនោះ ។ ក្រៅពីប្រាសាទបាគង ស្រុកនេះមានប្រាសាទផ្សេងៗទៀត ដូចជាប្រាសាទព្រះគោ ប្រាសាទលលៃ និងប្រាសាទចៅស្រីវិបុលផងដែរ។ បន្ថែមពីនេះទៀត ស្រុកប្រាសាទបាគងក៏មានតំបន់ទេសចរណ៍ជាច្រើន ទៀត ដែលភ្ញៀវអាចស្វែងយល់អំពីជីវភាពរស់នៅរបស់អ្នកស្រុក តាមរយៈការស្នាក់នៅនឹងផ្ទះស្នាក់ ដែលផ្តល់នូវ បដិសណ្ឋារកិច្ចយ៉ាងល្អតាមរបៀបខ្មែរ និងទស្សនាតាមតំបន់រមណីដ្ឋានជាច្រើនទៀតដែលមានទេសភាពដ៏ស្រស់ស្អាត៕​