សម្តេចប្រធានរដ្ឋសភា សម្តែងនូវការពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០–

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមាន រដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងនូវការពេញចិត្ត ចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរីលើវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ក៏បាន វាយតម្លៃខ្ពស់ផងដែរ ចំពោះ សមិទ្ធផលបេសកកម្ម ការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា ដែលបានធ្វើឱ្យ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។

សម្តេចប្រធានរដ្ឋសភា បានអរគុណដល់សិង្ហបុរី ដែលបានជួយបណ្តុះបណ្តាល រយៈពេលខ្លី ដល់មន្រ្តីកម្ពុជាបានជិត ១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះក្រោម គំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។

ឯកឧត្តម មៃខើល តាន់ កេង ស៊ឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែល សម្តេចប្រធានរដ្ឋសភា បានចំណាយពេលទទួលជួបសវនាការនិងអនុញ្ញាតឱ្យឯកឧត្តមបាន ចូលជម្រាបលា មុនពេលដែលឯកឧត្តមត្រូវបញ្ចប់បេសក កម្មការទូតពីកម្ពុជានៅចុង ឆ្នាំ២០២០ នេះ។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានលើកឡើងថា ចំណងមិត្តភាពនិងកិច្ច សហប្រតិបត្តិការប្រទេសទាំងពីរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅលើគ្រប់វិស័យ មានទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជានៅឆ្នាំ២០១៩ មានការរំខានដោយសារបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា រដ្ឋសភាកម្ពុជា និងសិង្ហបុរី បានជំរុញឱ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច រវាងគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគាំទ្រគ្នាទៅវិញទៅមកនៅ លើឆាកអន្តរជាតិ តាមរយៈ វេទិកាសភានានា ដូចជា AIPA និង APPF ជាដើមនោះ។

ក្នុងជំនួបនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមឯកអគ្គរដ្ឋទូត ដែលចប់អាណត្តិមានជំនឿ យ៉ាងមុតមាំថា កម្ពុជានិងសិង្ហបុរី ដែលបាន បង្កើតទំនាក់ទំនងជា មួយគ្នាតាំងពីឆ្នាំ១៩៦៥ មកនោះ នឹងមានការរីកចម្រើនទៅមុខជាលំដាប់៕ ដោយ ប៉ាល់ សុង