គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានត្រៀមផែនការក្នុងស្តារឡើងវិញក្រោយពីគ្រោះជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា


ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមផែនការក្នុងស្តារឡើងវិញក្រោយពីជំនន់ទឹកភ្លៀងស្រក នៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងវិញ។
ឯកឧត្តម ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅពេលទឹកជំនន់ស្រកទៅវិញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀចំផែនការស្តារឡើងវិញ ទៅលើហេដ្ឋារចនាសម័្ពន្ធ វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដោយបានបញ្ចូលទៅក្នុង កម្មវិធីអភិវឌ្ឍន៍នានារបស់ថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យទៅថ្ងៃអនាគត។ ឯកឧត្តម បន្ថែមថា ចំពោះការស្តារឡើងវិញ រាល់ការខូចខាត គឺក្រសួងស្ថាប័នជំនាញជាអ្នកទទួលខុសត្រូវ ធ្វើយ៉ាងណាដើម្បីឱ្យ ប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងវិញ។
ឯកឧត្តមបានបញ្ជាក់ថា កាលពីកន្លងថ្មីទៅៗនេះ ប្រមុខរាជរដ្ឋាភិបាលបង្កើនថវិកាជាតិប្រមាណ១៦០លានដុល្លារ នៅឆ្នាំ២០២១ ដើម្បីស្តារសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ហើយចំពោះការស្តារនិងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទនេះ នឹងជួយបង្កើតការងារបានជាង១លានកន្លែង នៅតាមជនបទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៣ខែតុលា បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង៤សែននាក់ត្រូវទទួលរងផលប៉ះពាល់ ពីគ្រោះជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋដែលជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពជាង៤ម៉ឺននាក់ លំនៅឋានប្រមាណជា៦ពាន់ខ្នងត្រូវរងផលប៉ះពាល់ ចំនួន៦៣ខ្នងត្រូវខូតខាត ទាំងស្រុង សាលារៀនដែលរងផលប៉ះពាល់មានចំនួន៧០០កន្លែង ស្រូវដែលលិចលង់ប្រមាណ៣៣២ពាន់ហិកតា និង ដំណាំរួមផ្សំជាង៨ម៉ឺនហិកតា។ ក្រៅពីនោះ ហេដ្ឋារចនាសម័្ពន្ធផ្លូវជាតិនិងផ្លូវខេត្តដែលត្រូវទទួលរងផលប៉ះពាល់ មានប្រវែង៤៦៥គីឡូម៉ែត្រ និង ច្រាំងទន្លេដែលបាក់ស្រុតមានប្រវែង១៥០០ម៉ែត្រ៕​