ក្រសួងអភិវឌ្ឍន៍ជនបទចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនពលរដ្ឋក្នុងខេត្តចំនួន៣

 

     វិទ្យុជាតិកម្ពុជា៖ លោកអ៊ួង សារវុធ

  ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកយុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្ស ក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តសៀមរាប ដើម្បីក្រើនរំឮកបងប្អូន ពេលធ្វើដំណើរ ពិសេសក្នុងឱកាសឈប់សម្រាក ពិធីបុណ្យអុំទូកខាងមុខ ឱ្យយល់ពីច្បាប់ចរាចរណ៏ ចេះប្រុងប្រយ័ត្នបង្ការខ្លួន ដើម្បីអាចបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។

លោក  គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២របស់ក្រសួងបានឲ្យដឹង កាលពីថ្ងៃទី២៣ តុលាថា ជារៀងរាល់ឆ្នាំ មុនព្រះរាជពិធីបុណ្យអុំទូក ក្រុមការងាររបស់ក្រសួង តែងតែចុះអប់រំពីច្បាប់ ចរាចរណ៍ជូនប្រជាពលរដ្ឋ សិស្សសាលា មាតាបិតា អាណាព្យាបាល និងអាជ្ញាធរភូមិ-ឃុំ ស្រុក ឲ្យចេះច្បាប់ចរាចរណ៍ ពេលធ្វើដំណើរ បញ្ចៀសការមានគ្រោះថ្នាក់ចរាចរណ៏ជាយថាហេតុ។  លោកបន្តថា យុទ្ឋនាការក្នុងខេត្តទាំង៣នោះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍ និងជំរុញឲ្យបងប្អូនក្នុងសហគមន៍ចេះគោរពច្បាប់ ចរាចរណ៍ ពេលធ្វើដំណើរលើដងផ្លូវ។ យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៃសកម្មភាពអតិ្ថភាព របស់កម្មវិធីសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទ រួមចំណែកអនុវត្តន៍ ស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងទិសដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឲ្យបាន៥០% ។ លោកបន្តថា ក្រៅពីសារអប់រំច្បាប់ចរាចរណ៍ ក្រុមការងារបានហែក្បួនគោយន្ត ម៉ូតូនិងកង់ កាត់តាមទីប្រជុំជន សាលារៀន វត្តអារាម ភូមិអ្នកស្រុក  ទីប្រជុំជនក្នុងខេត្ត ខាងលើនេះ ហើយអប់រំតាមរយៈឧបករណ៍បំពងសំឡេង។ លោក រំពឹងថា យុទ្ធនាការអប់រំច្បាប់ចរាចរណ៏នេះ  

នឹងអាច រួមចំណែកកាត់បន្ថយ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការសកម្មភាពជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរាជរដ្ឋាភិបាលបានកំណត់កាត់បន្ថយចំនួនអ្នកបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០% នាឆ្នាំ២០២១ខាងមុខ។

តាមរបាយការណ៍នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៩១៦លើក បណ្តាលឱ្យមានជនរងគ្រោះដល់ជីវិតចំនួន៤៩៣នាក់ និងរបួសធ្ងន់ចំនួន៨៤៦នាក់។ 

សូមបញ្ជាក់ថា៖ គម្រោងកែលម្អផ្លូវជនបទជំហានទី២ នៃកម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ផ្លូវគោកដល់ប្រជាពលរដ្ឋ មានខេត្តចំនួន១០ គឺខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ និងខេត្តសៀមរាប ៕