សត្វព្រៃជិតផុតពូជ១៣ប្រភេទ បន្តមានវត្តមានក្នុងដែនជម្រកកែវសីមា ខណៈរងការគំរាមកំហែង

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ២០២០

MC:  ក្រុមអ្នកជំនាញបានរកឃើញសត្វព្រៃជិតផុតពូជចំនួន១៣ប្រភេទ កំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ ដោយចំនួនប្រភេទសត្វព្រៃមួយចំនួននៅថេរ ឬមានការកើនឡើង ប៉ុន្តែមួយចំនួនទៀតមានការថយចុះ។

លោក អូលី ហ្គ្រីហ្វ៊ីន (Olly Griffin) អ្នកវិភាគទិន្នន័យ និងជាទីប្រឹក្សាបច្ចេកទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា សត្វព្រៃជិតផុតពូជចំនួន១៣ប្រភេទ ដែលបានអង្កេតឃើញវត្តមានក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមាន៖ ស្វាកន្ទុយ.ស, ទោចថ្ពាល់លឿង ,ស្វាព្រាម, ស្វាក្តាម, ស្វាត្រោស, ស្វាអង្គត់, ក្ងោក, ជ្រូកព្រៃ, ឈ្លូស, ទន្សោង ,ខ្ទីង, រមាំង និងប្រើស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពប្រភេទសត្វព្រៃសំខាន់ៗ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឆ្នាំ២០១០-២០២០ នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៦ ខែតុលានេះ លោកបានបញ្ជាក់ថា ចំនួនសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ នៅថេរ ប៉ុន្តែចំនួនស្វាព្រាម ស្វាអង្គត់ និងថនិកសត្វក្រចកជំពាមមាឌធំ លើកលែងជ្រូកព្រៃ កំពុងមានការថយចុះ។ «សត្វស្វាកន្ទុយ.ស មានចំនួន៦៧៥៦ក្រុម ទោចថ្ពាល់លឿងចំនួន៦៦៩ក្រុម ស្វាព្រាមចំនួន៣៦៤ក្រុម ស្វាក្តាមចំនួន៤២៤ក្រុម ស្វាត្រោសចំនួន១៤៨៣ក្រុម ស្វាអង្គត់ចំនួន៥៦ក្រុម ក្ងោកចំនួន៩៦៦ក្បាល ជ្រូកព្រៃចំនួន១១៦២ក្បាល ឈ្លូសចំនួន៧៣២ក្បាល និងថនិកសត្វក្រចកជំពាមមាឌធំដូចជាទន្សោង ខ្ទីង រមាំង និងប្រើស មិនបានដឹងពីចំនួនពិត ប្រាកដទេ។» លោកស្នើឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងកិច្ចការពារ និងអភិរក្ស ខណៈពពួកសត្វទាំងនេះ នៅតែរងការគំរាមកំហែងដោយការបរបាញ់ ជាប់អន្ទាក់ និងការប្រើសត្វឆ្កែដើម្បីប្រមាញ់ ជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាននៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ ឯកឧត្តម បានបញ្ជាក់ថា «តំបន់ព្រៃការពារកែវសីមា ត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃកែវសីមានៅខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្រោមការ ការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។»

បើតាមអ្នកជំនាញ បានលើកឡើងថា ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់ការពារធម្មជាតិ មានសារសំខាន់កម្រិតអន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត ពិសេសសត្វដំរីអាស៊ី ពពួកសត្វពានរ ប្រភេទសត្វមាំសាសី និងសត្វស្លាបជាច្រើនប្រភេទ ដែលក្នុងនោះប្រភេទសត្វ និងរុក្ខជាតិចំនួន៧៥ប្រភេទ ជាប្រភេទរងការគំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN៕​