វត្តមានរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានមានភាពល្អប្រសើរសម្រាប់សន្តិសុខ

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា ការបន្តនូវវត្តមានរបស់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន គឺមានអត្ថប្រយោជន៍សម្រាប់សន្តិសុខទូទៅ។

លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី «មូស្គូ ក្រឹមឡាំង ពូទីន» របស់ស្ថានីយ៍ទូរទស្សន៍ Rossiya-1 ថា «ជាការផ្តួចផ្តើម យើងគាំទ្រវត្តមានរបស់កងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាន ហើយបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀងៗខ្លួន។ ខ្ញុំនៅតែជឿជាក់ថា វត្តមានរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានមិនផ្ទុយពីផលប្រយោជន៍ខាងក្រៅរបស់យើងទេ»។

លោក ពូទីន បាននិយាយថា «ផ្ទុយមកវិញ នៅពេលត្រូវបានគេប្រកាសថា ជនជាតិអាមេរិកកំពុងរៀបចំដកទ័ពរបស់ខ្លួន – មែនហើយ ជំហរផ្លូវការរបស់យើងគឺថាវាអាចបង្កើតលក្ខខណ្ឌបន្ថែមសម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថាន ប៉ុន្តែខ្ញុំផ្ទាល់គិតថា វានឹងបង្កើតហានិភ័យជាច្រើន»។

មេដឹកនាំរុស្ស៊ីរូបនេះបានពន្យល់ថា «ជាដំបូង យើងនឹងត្រូវចំណាយបន្ថែមទៀតដើម្បីរក្សាស្ថិរភាព ហើយទី ២ វាមិនមានជាបញ្ហាអ្វីនោះទេបើទោះបីជានៅមានវត្តមានរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ដែលវាបានចូលរួមចំណែកដល់ស្ថិរភាពនៅក្នុងប្រទេស ហើយការចាកចេញរបស់ពួកគេនឹងបង្កើតហានិភ័យជាច្រើន។ យើងមិនចាំបាច់ប្រឆាំងទៅនឹងវត្តមានរបស់អាមេរិកនៅទីនោះទេ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)