ការធ្វើបាតុកម្មនៅទីក្រុងបាងកកបន្តធ្វើឡើងវិញ បន្ទាប់ពីឱសានវាទនៃការជំរុញឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងត្រូវបានផុតកំណត់

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃអាទិត្យ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik នៅកន្លែងកើតហេតុបានឱ្យដឹងថា ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបានបន្តធ្វើឡើងនៅកណ្តាលទីក្រុងបាងកក បន្ទាប់ពីឱសានវាទនៃការជំរុញឱ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា លាលែងពីតំណែងត្រូវបានផុតកំណត់។

កាលពីថ្ងៃពុធ ក្រុមបាតុករបានដាក់ចេញនូវឱសានវាទរយៈពេល ៣ថ្ងៃ ដោយអំពាវនាវឱ្យនាយករដ្ឋមន្រ្តីរូបនោះចុះចេញពីតំណែងនៅត្រឹមម៉ោង ២២:០០នាទីយប់ថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក (15:00​ GMT) បើមិនដូច្នេះទេ ពួកគេនឹងបន្តធ្វើបាតុកម្ម។ លោក ប្រាយុធ មិនបានបំពេញតាមតម្រូវការនោះទេ ហើយរដ្ឋធានីមួយនេះក៏ត្រូវបានលិចលង់ម្តងទៀតជាមួយក្រុមបាតុករ ។

មនុស្សជាង ២.០០០នាក់បានប្រមូលផ្តុំគ្នានៅជិតមជ្ឈមណ្ឌលផ្សារទំនើប Central Wordl និង Amarin Plaza។ នៅវេលាម៉ោង ០៩:២០ GMT ក្រុមបាតុករបានបិទចរាចរណ៍នៅផ្លូវបំបែក Ratchaprasong ។

ក្រុមមន្រ្តីប៉ូលីសបានជំរុញឱ្យក្រុមបាតុករបំបែកគ្នានៅត្រឹមម៉ោង ១០:០០ GMT ប៉ុន្តែការអំពាវនាវនេះមិនទទួលបានការឆ្លើយតបទេ។

ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលត្រូវបានបញ្ឆេះឡើងវិញកាលពីខែកុម្ភៈ នៅពេលដែលតុលាការរដ្ឋធម្មនុញ្ញបានហាមប្រាមគណបក្សប្រឆាំង ដែលជាគណបក្សនេះមានការពេញនិយមចូលចិត្តពីក្នុងចំណោមសិស្សនិស្សិត។ ក្រុមបាតុករបានទាមទារឱ្យមានការកំណត់អំណាចរបស់ព្រះមហាក្សត្រ ការលាលែងរបស់នាយករដ្ឋមន្រ្តី និងការដោះលែងអ្នកជាប់ឃុំមួយចំនួន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)