ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅទីក្រុងកាប៊ុលកើនឡើងដល់ ៣០នាក់ និង ៧០នាក់រងរបួស

AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — ប្រភពពីសន្តិសុខបានប្រាប់សារព័ត៌មាន Sputnik ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅជិតមជ្ឈមណ្ឌលអប់រំមួយក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់ ៣០នាក់ ហើយយ៉ាងហោចណាស់មានមនុសុ្ស ៧០នាក់ផ្សេងទៀតបានរងរបួស។

ប្រភពពីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាននៅមុននេះបានប្រាប់សារព័ត៌មាន Sputnik ថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះមានចំនួន ១៨នាក់ និង ៥០នាក់ទៀតរងរបួស។ យោងតាមប្រភពនេះបានឱ្យដឹងថា អ្នករងរបួសចំនួន ៣៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Jinnah នៅក្នុងទីក្រុងកាប៊ុល។

កាលពីថ្ងៃសៅរ៍ អ្នកវាយប្រហារដោយគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកមួយនៅជិតមជ្ឈមណ្ឌលអប់រំ​ Kawsar e-Danich ក្នុងតំបន់ Pul-e-Khoshk នៃសង្កាត់ Dasht-e-Barchi ភាគខាងលិចនៃទីក្រុងកាប៊ុល។ ក្រសួងមហាផ្ទៃបានរាយការណ៍ពីចំនួនអ្នកស្លាប់ ១៣នាក់ និង ៣០នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហារកាលពីថ្ងៃសៅរ៍នេះ។

យោងទៅតាមនាយកសន្តិសុខជាតិរបស់ប្រទេសអាហ្វហ្គានីស្ថានបានឱ្យដឹងថា អ្នកវាយប្រហារបានប៉ុនប៉ងចូលទៅក្នុងមជ្ឈមណ្ឌលអប់រំនេះ។

អង្គការភេរវករ Daesh (ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី) បានទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍នៅទីក្រុងកាប៊ុលនេះ។ នៅមុននេះ ក្រុមតាលីបង់បានច្រានចោលការទាក់ទងជាមួយនឹងការវាយប្រហារនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)