សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះនរាទៅកោះពេជ្រ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២០នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ ១ ទៅតំបន់អភិវឌ្ឍកោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ ។
តាមរបាយការណ៍របស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថាសម្រាប់ស្ពានបេតុងខ្សែកាបតភ្ជាប់ ពីតំបន់អភិវឌ្ឍកោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានប្រវែង ៨២៤ ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ស្ពាននេះគ្រោងប្រើពេលវេលាសាងសង់ ៣៥ ខែ ដោយចំណាយថវិកាប្រមាណ ៣៨ លានដុល្លារ។
ដោយឡែក គម្រោងស្ពានបេតុងតភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់តំបន់អភិវឌ្ឍកោះនរា មានប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រ គ្រោងប្រើពេលវេលាសាងសង់ ១២ ខែ និងចំណាយថវិកាប្រមាណជាង១លាន ៦ សែនដុល្លារអាមេរិក (១,៦០៦,៣៥៣ ដុល្លាអាមេរិក)។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា នៅពេលសាងសង់រួច ស្ពាននេះ នឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំ ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ ស្ពាននេះ បញ្ជាក់ថាក្រុមហ៊ុនOCICគ្រោងនឹងសាងសង់ទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា ស្ថិតនៅតាមដងទន្លេ ចេញពីតំបន់កោះនរា ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្ន ដោយមានការសាងសង់ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តនៅទីនោះផងដែរ។ ទីក្រុងរណបថ្មី នេះនឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេ ចាប់ពីតំបន់កោះនរា អូសស្រប តាមទន្លេតូចឆ្ពោះទៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕