ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរាទៅកោះពេជ្រ

វិទ្យុជាតិកម្ពុជា​ ៖​ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។
យោងតាមលិខិតរបស់សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ: អភិបាលរាជធានីភ្នំពេញ ផ្ញើជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែ ឧសភាឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពី រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះនរា ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ។
ប្រភពដដែលបន្តថា តាមផែនការ ក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅ គម្រោងអភិវឌ្ឍន៍កោះនរា។នៅពេលសាងសង់រួច ស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះ មុនីវង្ស បានមួយកម្រិតធំ ហេតុនេះដើម្បីជួយសម្រួលដល់ការស្ថាបនាស្ពាននេះ ក្រុមហ៊ុន OCIC ស្នើសុំគោលការណ៍ នាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួនដែលមានតម្លៃសរុប ៤០,៨៨ លានដុល្លារ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកមកកាន់រាជធានីភ្នំពេញតាមមាត់ច្រកអន្តរជាតិនានាក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC គ្រោងនឹងសាងសង់ទីក្រុងរណបថ្មីលើផ្ទៃដីជាង១០០ហិកតា ស្ថិតនៅតាមដងទន្លេ ចេញពីតំបន់កោះនរា ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្ន ដោយមានការសាងសង់ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តនៅទីនោះផងដែរ។ ទីក្រុងរណបថ្មីនេះនឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេ ចាប់ពីតំបន់កោះនរា អូសស្របតាមទន្លេតូចឆ្ពោះទៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាពេលកន្លងមក ក្រុមហ៊ុនបានធ្វើការសិក្សាលើជម្រើសចំនួន ២ ទាក់ទងនឹងការសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកាន់កោះនរា ដោយទី១ ជាការសាងសង់ស្ពានឆ្លងកាត់ពីលើទឹកទន្លេ ដែលគ្រោងចំណាយថវិកាប្រហែល ៦០ លានដុល្លារ និងទី ២ សង់ផ្លូវកាត់ក្រោមទន្លេ ដែលមានតម្លៃប្រមាណ ២០០ លានដុល្លារ៕​