សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ សប្បុរសជន ចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

APP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០–

(ភ្នំពេញ)៖​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ទាំងជាតិ-អន្ដរជាតិ ដែលបានចូលរួមឧបត្ថម្ភ ថវិកា សម្ភារ និងគ្រឿងឧបភោគ-បរិភោគ ជូនដល់កាកបាទក្រហមកម្ពុជា ទាំងទីស្នាក់ការកណ្តាល​ ទាំងនៅតាមសាខា​ ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅទូទាំងរាជធានី-ខេត្ដចំនួន១៩ ដែលរងផលប៉ះពាល់។

ការថ្លែងខាងលើនេះ គឺក្នុងឱកាសដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោ​ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីពេលថ្មីៗនេះកន្លងទៅ​ ហេីយនិងនៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះទៀត​ ក្នុងឱកាសជួបជាមួយពលរដ្ឋរងគ្រោះចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៦ (ក្នុងចំណោមសង្កាត់ទាំង ៨) នៃខណ្ឌច្បារអំពៅ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា សប្បុរសជនជាច្រើន បានផ្ដល់ថវិកាជូនរាជរដ្ឋាភិបាលកម្ពុជាផង និងកាកបាទក្រហមកម្ពុជាផង ដើម្បីជួយដល់ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង ហើយថែមទាំងចុះជួយប្រជាពលរដ្ឋដោយផ្ទាល់ៗ នៅតាមភូមិឃុំដែលរងផលប៉ះពាល់ផងដែរ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «នេះជាមោទនភាពមួយ ដែលសប្បុរសជនទាំងអស់ មានស្មារតីនៃការចែករំលែក ដែលនេះបានបង្ហាញពីកម្លាំងសាមគ្គីគ្នា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

ទន្ទឹមនឹងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានកោតសរសើរចំពោះសប្បុរសជនជាតិ និងអន្ដរជាតិ ដែលមានទឹកចិត្ដស្រឡាញ់គ្នា និងជួយដល់ពលរដ្ឋងាយរងគ្រោះនាពេលកន្លងមក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

 

ដោយ៖ កន ចំណាន