មន្ដ្រី​ស្ថានទូត​បារាំង​ចុះ​ពិនិត្យ​និង​សិក្សា​ស្វែងយល់​ពី​ការអភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​រមណីយដ្ឋាន​អង្គរ​

AKP សៀមរាប ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០–​

ចាប់ផ្តើម​ពីថ្ងៃ​២២ រហូតដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ លោក Christophe GIGAUDAUT មន្ដ្រី​ស្ថានទូត​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា ដែល​នឹងត្រូវ​ទទួល​ភារកិច្ច​ជា​សហប្រធាន​បច្ចេកទេស​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា «​អាយ​ស៊ី​ស៊ី​-​អង្គរ​» រួម​ដំណើរ​ដោយ​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​និង​ស្វែងយល់​ពី​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​រមណីយដ្ឋាន​អង្គរ​។​

​ក្នុងអំឡុងពេល​បំពេញភារកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ លោក Christophe GIGAUDAUT បាន​ចុះទៅ​ស្វែងយល់​អំពី​ការជួសជុល​ផ្សេងៗ​នៅតាម​ប្រាសាទ​មួយចំនួន​រួមមាន ប្រាសាទបន្ទាយស្រី ប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទទន្លេស្ងួត ប្រាសាទតុប​ខាងលិច ប្រាសាទ​តា​នៃ ប្រាសាទប្រែរូប ប្រាសាទ​ព្រះ​ខ័​ន្ធ ប្រាសាទ​អង្គរវត្ដ ព្រមទាំង​បាន​ស្វែងយល់​ពី​គម្រោង​ផែនការ​អនាគត​ក្នុង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ទីក្រុង​អង្គរធំ និង​នៅ​កន្លែង​ផ្សេងទៀត​។​

​ដូចគ្នានេះដែរ មន្ត្រី​ស្ថានទូត​ជប៉ុន​ដែល​នឹង​ទទួល​ភារកិច្ច​ជា​សហប្រធាន​បច្ចេកទេស​នៃ​គណៈកម្មាធិការ​អាយ​ស៉ី​ស៉ី​-​អង្គរ​ក៏​នឹង​អញ្ជើញ​ចុះមក​ពិនិត្យ​និង​សិក្សា​ស្វែងយល់​នៅ​រមណីយដ្ឋាន​អង្គរ​ដែរ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ​៕ដោយ៖ ​ឃុ​ត សៅ​ សម្រួលផ្សាយដោយ ៖ ធូ កុសល