មន្ដ្រីស្ថានទូតបារាំងចុះពិនិត្យនិងសិក្សាស្វែងយល់ពីការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា៖
សៀមរាប៖ ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេស នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

ក្នុងអំឡុងពេលបំពេញភារកិច្ចនៅរមណីយដ្ឋានអង្គរ លោក Christophe GIGAUDAUT បានចុះទៅស្វែងយល់អំពី ការជួសជុលផ្សេងៗ នៅតាមប្រាសាទមួយចំនួន រួមមាន ប្រាសាទបន្ទាយស្រី ប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទទន្លេស្ងួត ប្រាសាទតុបខាងលិច ប្រាសាទតានៃ ប្រាសាទប្រែរូប ប្រាសាទព្រះខ័ន្ធ ប្រាសាទអង្គរវត្ដ ព្រមទាំងបានស្វែងយល់ពីគម្រោងផែនការអនាគតក្នុងកែលម្អហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នៅទីក្រុងអង្គរធំ និងនៅកន្លែងផ្សេងទៀតផង។

ដូចគ្នានេះដែរ មន្ត្រីស្ថានទូតជប៉ុនដែលនឹងទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក៏នឹងអញ្ជើញចុះមកពិនិត្យនិងសិក្សាស្វែងយល់នៅរមណីយដ្ឋានអង្គរដែរ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕