អភិបាលខេត្តប៉ៃលិន នាំយកថវិកា របស់សម្តេចតេជោ ផ្តល់ជូនគ្រួសារ សព ដែលលង់ទឹកស្លាប់ ដោយសារ ជំនន់ទឹកភ្លៀង

 

វិទ្យុជាតិកម្ពុជា ៖​ ញ៉ឹប បូរី ប៉ៃលិន 24-10-2020


ប៉ៃលិន៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាន
នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៤លាន
រៀល (លើកទី១-១០លានរៀល និងលើកទី២-៤លានរៀល)ប្រគល់ជូនគ្រួសារសព ស្ត្រីដែលលង់ទឹកស្លាប់ដោយសារជំនន់ទឹកភ្លៀង ខណៈឆ្លងអូរព្រំដែនវិលត្រឡប់
មកពីប្រទេសថៃ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារ ជាទីស្រលាញ់ដោយគ្រោះទឹកជំនន់កន្លងទៅនេះ ក្នុងនោះដើម្បីចូលរួមរំលែកទុក្ខ និងការលំបាកជូនគ្រួសារសព សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភក្នុងមួយសព ទទួលបានថវិកា ១៤លានរៀលផងដែរ។
គ្រួសារសាច់ញាតិជនរងគ្រោះ បានសម្តែងការដឹងគុណ និងអរុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលមានទុក្ខលំបាក។
សូមរំលឹកថា៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ពលករឆ្លងដែន មានគ្នា ០៣នាក់ ត្រូវជាម្តាយ ឪពុក កូននឹងគ្នា ក្នុងនោះជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួនមានឈ្មោះ សេង ស្រីម៉ៅ អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ ៤១ឆ្នាំ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ ១៥ឆ្នាំ បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញ តាមច្រកធម្មជាតិ អូរព្រំដែនកម្ពុជា+ថៃ ខណៈស្ថានភាពទឹកកំពុងឡើងខ្លាំង ដោយជំនន់ទឹកភ្លៀង ដោយអូសជនរងគ្រោះទៅតាមទឹកបាត់ទៅ ហើយរហូតមកដល់ពេលនេះ រកសពមិនទាន់ឃើញនៅឡើងទេ ដោយសារស្ថានភាពអូរនៅព្រំដែនមានព្រៃច្រើន និងសម្បូរទៅដោយ គ្រាប់មីន ធ្វើឱ្យក្រុមការងារ និងកងកម្លាំងចម្រុះពិបាកក្នុងការរុករកសពជនរងគ្រោះ៕