សម្តេចតេជោមានសមត្ថភាពពន្លត់ភ្លើងសង្គ្រាម តែសម្តេចមិនអាចធ្វើគ្រូអាចារ្យចំពោះជនមួយក្រុម ដែល ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះទេ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្តេចមានសមត្ថភាព ពន្លត់ភ្លើងសង្គ្រាម តែសម្តេចគ្មានសមត្ថភាពដើម្បីធ្វើគ្រូបាអាចារ្យប្រដៅជាមួយមនុស្សមួយក្រុម ដែលតែងតែប៉ុនប៉ង បំផ្លាញជាតិតាមរយៈសកម្មភាពបដិវត្តន៍ពណ៌នោះទេ។

ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា អគ្គរដ្ឋទូតប្រទេសមួយចំនួនដែលជួបជាមួយសម្តេច គេតែងតែសួរថា ហេតុអីសម្តេច អាចដោះស្រាយបានជាមួយទ័ពព្រៃខ្មែរក្រហម ប៉ុន្តែហេតុអ្វីបានជាសម្តេចមិនអាចដោះស្រាយជាមួយពួកក្រុមជ្រុលនិយម នៅក្រៅច្បាប់ដែលតែងតែបំផ្លាញជាតិនេះបាន ។  

សម្តេចបានបញ្ជាក់ថា ក្រុមប្រឆាំងទាំងនោះ តែងតែនិយាយថា ឱ្យតែអ្នកគាំទ្រសម្តេចនិងគណបក្សប្រជាជន គឺសុទ្ធតែយួនទាំងអស់  មិនតែប៉ុណ្ណោះក្រុមទាំងនោះ ក៏បានដាក់ចេញនយោបាយមានឯងអត់អញ មានអញអត់ឯង។ ដែលនេះបានបង្ហាញថា ជនទាំងនោះ គ្មានគោលបំណងដើម្បីស្មោះសជាមួយការរួបរួមទេ មានតែប្រើវិធីបំផ្លាញជាតិ តែប៉ុណ្ណោះ។

សម្តេច​បាន​បញ្ជាក់​ថា​« ខ្ញុំឧស្សាហ៍ប្រាប់ទៅ ថាបើពួកឯងនៅតែអ៊ីចឹង អញក៏អត់ធ្វើអីជាមួយពួកឯងបានដែរ ឯងអត់នៅជាមួយអញបាន អញក៏អត់នៅជាមួយពួកឯងដែរ ព្រោះពួកគេគ្មានគោលបំណងក្នុងការរួបរួមគ្នានោះទេ ដោយអ្នកធ្វើបាតុកម្មនៅភ្នំពេញ ប៉ុន្តែអ្នកបញ្ជានៅអាមេរិកបង្គាប់ឱ្យឈរនៅខាងនេះទូតចិន រួចបន្ទាប់ទៅ ទៅទូតអាមេរិក បញ្ជាពីអាមេរិកមក អ៊ីចឹងរុញឱ្យអ្នកនៅខាងក្នុងជាប់គុក ហើយអ្នកខាងក្នុងមួយចំនួនសមត្ថកិច្ចកំពុងតាមរកផង ចេញមកល្មម។  ហើយនយោបាយវិញ សុទ្ធតែជេរគេសព្វគ្រប់អ៊ីចឹងឱ្យធ្វើម៉េច ប៉ុន្តែខ្ញុំមានលទ្ធភាពខ្ពស់បំផុតរបស់ខ្ញុំគឺថា ជម្លោះប្រដាប់អាវុធដែលវ៉ៃគ្នាក្តៅគគុក ខ្ញុំមានលទ្ធភាពត្រួតត្រា ហើយធ្វើឱ្យកម្លាំងប្រដាប់អាវុធច្រើនក្រុម ដែលកម្ពុជាមានកម្លាំងប្រដាប់អាវុធ៤ក្រុម ទៅជាកម្លាំងប្រដាប់អាវុធតែមួយក្រុម »៕​