ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ស្រូវពូជចំនួន១០០គីឡូក្រាមក្នុង១គ្រួសារៗ ដល់ប្រជាពលរដ្ឋដែលមានស្រូវខូចខាត ដោយសារទឹកជំនន់

 

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 

MC ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផ្តល់ស្រូវពូជ១គ្រួសារៗចំនួន១០០គីឡូក្រាម ដល់ប្រជាពលរដ្ឋដែលមានស្រូវ ខូចខាតដោយគ្រោះទឹកជំនន់ ដើម្បីជួយឱ្យកសិករមានលទ្ធភាពបង្កបង្កើនផលបាន ដែលជួយលើកកម្ពស់ជីវភាពក្នុងក្រុម គ្រួសារ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ក្រសួងពាក់ព័ន្ធត្រូវតែចុះវាយតម្លៃលើការខូចខាតដំណាំស្រូវរបស់ពលរដ្ឋចាប់ពីថ្នាក់ខេត្តតែម្ដង ថាតើប៉ុន្មានគ្រួសារ ដែលរងការខូចខាតដំណាំស្រូវ ព្រោះមិនមែនខូចទាំងអស់នោះទេ ដោយសារស្រូវខ្លះ ក៏នឹងអាចល្អលើសដើម ដោយសារវាត្រូវទឹកបានជីល្អជាមុន ។ 

សម្តេចតេជោបញ្ជាក់ថា សម្រាប់ស្រូវដែលផើមគឺរងការខូចខាត ដូច្នេះត្រូវតែផ្ដល់ពូជស្រូវចំពោះគ្រួសារដែលខូចខាត ឱ្យបានស្មើៗគ្នា ខណៈដែលការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក៏ទទួល បានស្មើៗគ្នាដែរ ដែលនេះជាការបង្ហាញឱ្យឃើញពីការស្រឡាញ់ ជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។

សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។

សម្តេចបានបន្តថា ដោយសារជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យខូតខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើន ដូច្នេះទើបរាជរដ្ឋាភិបាលបានអនុម័តផ្តល់ជូនពូជស្រូវដល់ប្រជាពលរដ្ឋដែលរងការខូចខាត ក្នុង១គ្រួសារ ចំនួន១០០គីឡូក្រាមដើម្បីយកទៅបង្កបង្កើនផលឡើងវិញក្រោយទឹកស្រក ។

សម្តេច​បាន​បញ្ជាក់​ថា​ « ពេលដែលខ្ញុំមកដល់ខេត្តសៀមរាបហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្ញើសារដើម្បីសុំការ អនុម័តនោះ  គឺនៅត្រង់ថា យើងមានស្រូវពូជយើងមានគ្រាប់ពូជបម្រុង ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ តម្រូវការទិញពូជស្រូវ គឺពូជស្រូវដែលមិនប្រកាន់រដូវចំនួន២ពាន់តោនបន្ថែមទៀត ហើយអនុម័តជាគោលការណ៍ គឺប្រជាជនដែលធ្វើស្រូវហើយ មានការខូចខាត ត្រូវផ្ដល់ជូន១គ្រួសារ ១០០គីឡូក្រាមជាស្រូវពូជ អ៊ីចឹងអ្នកដែលមិនខូចខាចគឺមិនចាំបាច់យកពូជនោះទេ ប៉ុន្តែសម្រាប់អ្នកទទួលការខូចខាតយើងផ្ដល់១០០គីឡូហើយក្នុង១០០គីឡូនោះអាចឱ្យគ្រួសារខ្លះប្រើមិនអស់ទេព្រោះឥឡូវនេះតម្រូវការពូជនេះគឺថាកាត់បន្ថយបានច្រើនដែរ » ។

សម្តេចបញ្ជាក់បន្ថែមថា ចំណែកឯប្រជាពលរដ្ឋដទៃទៀតដែលមិនបានបង្កបង្កើនផលស្រូវ ក៏អាចទទួលបានពូជដំណាំ៦មុខ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ ៕​